(អាមេរិក)៖ ដោយសារតែវិបត្តិកូវីដ១៩ ខ្សែភាពយន្តល្បីៗជាច្រើន ដែលចំណាយប្រាក់ផលិតខ្ទង់លានដុល្លារ ត្រូវបានពន្យារពេលចាក់បញ្ចាំងម្តងជាពីរដង តែយ៉ាណា ផលិតកម្មធំៗដែលរងផលប៉ះពាល់ទាំងនោះ នៅតែមានក្តីសង្ឃឹម ត្បិតបច្ចុប្បន្នមានវ៉ាក់សាំងការពារកូវីដ១៩ ត្រូវបានចាក់ជូនប្រជនជនជាបន្តបន្ទាប់។ ផ្ទុយទៅវិញ រឿងល្បីរបស់អាមេរិក «Fast & Furious 9» ហាក់ស្ទាក់ស្ទើរក្នុងការចាក់បញ្ចាំង ដោយបានប្រកាសពន្យារពេលម្តងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ខ្សែភាពយន្តប្រមូលផ្តុំដោយតារាហូលីវូដល្បីៗ «Fast & Furious 9» ដែលជាភាពយន្តដ៏ល្បីមួយរបស់អាមេរិក មានចេញជាវគ្គបន្តបន្ទាប់នោះ ត្រូវបានគេដឹងថា មានទស្សនិជនទូទាំងពិភពលោកចាប់អារម្មណ៍ និងចង់ទស្សនាវគ្គបន្ទាប់ ខណៈរឿងនេះជាស្នាដៃផលិត របស់ផលិតកម្មអាមេរិក Universal Pictures។ រឿងនេះដំបូងឡើយ គ្រោងចាក់បញ្ចាំងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ នឹងប្តូរទៅខែមេសា ឆ្នាំ២០២១វិញម្តង ហើយពេលនេះដល់ប្រកាសប្តូរថ្ងៃចាក់បញ្ចាំងម្តងទៀត ទៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។

គួររំឭកថា រោងភាពយន្តធំៗនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបន្តបន្ទាប់ហើយ ខណៈរោងភាពយន្តនៅទីក្រុង New York ដែលជាទីផ្សារភាពយន្តធំទីពីរនៅអាមេរិក គ្រោងបើកទ្វារឡើងវិញថ្ងៃសក្រសប្តាហ៍នេះ ខណៈរោងកុនដទៃទៀត ដូចជា AMC, Cineworld និង Cinemark រំពឹងថា ដង្ហើមឧស្សាហកម្មរបស់ខ្លួននឹងប្រសើរឡើងវិញ នៅរដូវក្តៅឆ្នាំនេះ។

ទន្ទឹមគ្នានេះ សម្រាប់ខ្សែភាពយន្តធំៗ ដែលចំណាយប្រាក់រាប់លានដុល្លារក្នុងការផលិតវិញ ហាក់គ្មានបំណងចាក់បញ្ចាំងនៅកាលៈទេសៈនេះទេ ទោះរោងកុនដំណើរការវិញក្តី លុះត្រាតែមើលឃើញពីការទទួលបានប្រាក់ចំណូលច្រើន ទើបធ្វើការចាក់បញ្ចាំង៕