(ភ្នំពេញ)៖ ការជួយសិស្សក្រីក្រ ឲ្យទទួលបានការអប់រំដោយឥតគិតថ្លៃ គឺជាអំពើល្អមួយដែលជួយឲ្យអ្នកគ្រូ ឯក ចិន្តាមុនី ដែលជាស្ថាបនិកសាលាឯកជនមួយ នៅរាជធានីភ្នំពេញ ទទួលបានការជ្រើសតាំងជាបេក្ខនារីម្នាក់ ក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart។

ឥឡូវនេះ អ្នកគ្រូបានជាប់ជាបេក្ខនារីម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង១០នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយប្រសិនបើអ្នកគ្រូត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី អ្នកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លារ។

មុនពេលបើកដំណើរការសាលារៀននេះ អ្នកគ្រូធ្លាប់បម្រើការងារជាបុគ្គលិក របស់អង្គការមិនមែនរដ្ឋាភិបាលអស់រយៈពេល១៥ឆ្នាំ ដែលធ្វើការជាមួយយុវជន នៅតាមខេត្តផ្សេងៗ។ ក្នុងពេលនោះ អ្នកគ្រូសង្កេតឃើញមានយុវជនជាច្រើន ដែលបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ ឬគ្មានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។

អ្នកគ្រូបានថ្លែងថា ការដែលបានមើលឃើញស្ថានភាពបែបនោះ បានប៉ះទង្គិចចិត្តរបស់គាត់ ដោយសារគាត់មានឱកាសទទួលបានការអប់រំ ប៉ុន្តែយុវជនទាំងនោះខ្លះបោះបង់ការសិក្សាថ្នាក់ទី៨ ហើយយុវជនខ្លះទៀត បានរៀនចប់ថ្នាក់ទី១២ ប៉ុន្តែមិនមានលទ្ធភាពបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យដោយសារជីវភាពគ្រួសារ។

អ្នកគ្រូ ចិន្តាមុនី បានថ្លែងថា «ខ្ញុំចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប មានឱកាសទទួលបានការអប់រំដូចគ្នា»

បន្ទាប់ពីបានលាឈប់ពីអង្គការ នៅក្នុងឆ្នាំ២០១៧ អ្នកគ្រូ ឯក ចិន្តាមុនី រួមជាមួយនឹងមិត្តភក្តិ២នាក់ផ្សេងទៀត បានបង្កើតសាលាមួយឈ្មោះថា សាលាចំណេះទូទៅ និងបច្ចេកទេសឯកជនអេស៊ីធី (ACT) ដែលបង្រៀនចំណេះទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងបច្ចេកទេសសម្រាប់ថ្នាក់ទី១០ ដល់ទី១២។ សព្វថ្ងៃមានសិស្សប្រហែលជិត ២០០នាក់។

ក្រៅពីសិស្សត្រូវបង់ថ្លៃសិក្សា សាលាបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រក្នុងអត្រាពី ២៥% ទៅ ១០០% ដោយសព្វថ្ងៃមានសិស្សទទួលបានអាហារូបករណ៍ចំនួន ៧០នាក់ក្នុងចំំណោមសិស្សជិត ២០០នាក់។ សិស្សចាំបាច់ត្រូវប្រលងដើម្បីទទួលបានអាហារូបករណ៍នេះ។

ក្រៅពីអាហារូបករណ៍ សាលាក៏មានកញ្ចប់ជំនួយផងដែរ ដើម្បីជួយសិស្សក្រីក្រឲ្យទទួលបានការសិក្សាដោយឥតបង់ថ្លៃ ឬបង់ថ្លៃទៅតាមលទ្ធភាពរបស់គ្រួសារសិស្ស។

អ្នកគ្រូបានថ្លែងថា «ពួកគេបង់ថ្លៃសិក្សាទៅតាមលទ្ធភាពដែលពួកគាត់អាចបង់បាន ទោះបីពួកគេបង់ថ្លៃសិក្សា ៥ដុល្លារ ឬ ១០ដុល្លារក្តី ព្រោះខ្ញុំចង់ឲ្យពួកគេដាក់ទុន ក្នុងការសិក្សារបស់ពួកគេ»

ទាក់ទងនឹងថវិកាដែលចំណាយលើការផ្តល់អាហារូបករណ៍ អ្នកគ្រូបានប្រើប្រាស់ប្រាក់ចំណូលរបស់សាលា និងប្រាក់ឧបត្ថម្ភ និងជំនួយពីមិត្តភក្តិ នៅក្រៅប្រទេស មួយចំនួន និងប្រាក់ចំណូលពីការលក់គីមឈី ដែលជាអាជីវកម្មមួយ ដែលអ្នកគ្រូបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ អ្នកគ្រូ និងក្រុមការងារ ក៏កំពុងស្វែងរកអ្នកឧបត្ថម្ភ ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយដល់សិស្សក្រីក្រ។

នាយកសាលា និងជាស្ថាបនិករូបនេះ បានបន្ថែមថា ការជួយកុមារដែលជួបការលំបាក និងក្រីក្រ ឲ្យទទួលបានការរៀនសូត្រ គឺជាក្តីប្រាថ្នាដែលគាត់ចង់ធ្វើ ហើយគាត់ក៏ចង់ឃើញកុមារទាំងអស់ ទទួលបានឱកាសស្មើៗគ្នា ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព។

អ្នកគ្រូបានថ្លែងថា «ខ្ញុំស្រលាញ់ប្រជាជាតិកម្ពុជា ដែលជាជាតិសាសន៍របស់ខ្ញុំ ហើយខ្ញុំគិតថាកុមារគ្រប់រូបគាត់មានសិទ្ធិស្មើរគ្នា គាត់មានសិទ្ធិទៅរៀន គាត់មានសិទ្ធិទទួលការអប់រំ ដែលមានគុណភាព ហើយខ្ញុំចង់ឲ្យអ្វីដែលខ្ញុំមានទាំងប៉ុន្មាន ទៅកាន់ពួកគេវិញ»

អ្នកស្រី តែ សៅ ដែលជាម្ដាយរបស់សិស្សម្នាក់ដែលអ្នកគ្រូ ចិន្ដាមុនី បានផ្ដល់អាហារូបករណ៍ ឲ្យសិក្សានៅសាលាអេស៊ីធី បានឲ្យដឹងថា កូនរបស់អ្នកស្រី បានឈប់រៀនរយៈពេល៣ឆ្នាំ មកហើយដោយសារជីវភាពខ្វះខាត។ អ្នកស្រីបានបន្ថែមថា បន្ទាប់ពីបានស្គាល់អ្នកគ្រូ គាត់បានសុំអាហារូបករណ៍ ឲ្យកូនរបស់គាត់បានចូលរៀនជាថ្មី។

អ្នកស្រីបានថ្លែងថា «អ្នកគ្រូ មុនី គឺជាមនុស្សល្អចេះថែទាំសិស្សនៅទីនេះបានល្អ។ គាត់ជាមនុស្សដែលជួយអ្នកក្រីក្រជាច្រើននាក់ ភាគច្រើនពួកគាត់ជួយក្មេងៗ ដែលឪពុកម្តាយអត់មានលទ្ធភាព ដូចខ្ញុំជាដើម»

អាណាព្យាបាលម្នាក់ទៀត គឺអ្នកស្រី សំ មុំ ដែលមានកូន ៣នាក់ និងក្មួយ ៣នាក់កំពុងសិក្សានៅសាលាអេស៊ីធីរយៈពេល ២ឆ្នាំមកហើយនោះ បានថ្លែងថា កូននិងក្មួយរបស់គាត់បានទទួលអាហារូបករណ៍នៅសាលានេះ ដោយសារពួកគាត់មានជីវភាពខ្វះខាត ជាពិសេសម្តាយរបស់ក្មួយគាត់គឺជាជនពិការ។

អ្នកស្រីថ្លែងថា «ដោយសារស្ថានភាពគ្រួសារប្អូនស្រីរបស់ខ្ញុំ ខ្វះខាតខ្លាំង ជាពិសេសគាត់ពិការភ្នែក នាយកសាលា និងលោកគ្រូអ្នកគ្រូនៅទីនេះ មានមេត្តាខ្លាំងមែនទែន គាត់បានបញ្ចុះតម្លៃពិសេសសម្រាប់កូននិងក្មួយខ្ញុំ»

អំពើល្អទាំងនេះហើយ ដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះ មានបំណងស្វែងរកពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។

នៅពេលដែលទទួលដំណឹងថា អ្នកគ្រូ ចិន្តាមុនី ត្រូវបានជ្រើសរើសជាបេក្ខនារីម្នាក់ ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart អ្នកនាង Samantha Wagers ដែលជាអ្នកជ្រើសតាំងអ្នកគ្រូ បានសម្តែងក្តីរំភើប និងអបអរ។

អ្នកនាងបានថ្លែងថា «ខ្ញុំមានក្តីរំភើប និងមានមោទនភាពជាខ្លាំងដែល មុនី បានជាប់ក្នុងចំណោមបុគ្គល ដែលត្រូវបានជ្រើសតាំង១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វានពលរដ្ឋគំរូ Smart។ ខ្ញុំសង្ឃឹមថា កិច្ចប្រឹងប្រែងដែលគាត់បានធ្វើ នឹងត្រូវបានគេស្គាល់នៅថ្ងៃអនាគត»

«មុន្នី ជាមនុស្សដែលមិនចង់ឲ្យមានការចាប់អារម្មណ៍ ពីអ្នកដ៏ទៃនោះទេ ដូច្នេះសម្រាប់នាងក្នុងការចូលរួមឈរឈ្មោះ សម្រាប់ពានរង្វាន់ និងការបង្ហាញសេចក្តីស្រឡាញ់ ដែលនាងមានចំពោះប្រទេសកម្ពុជា វាធ្វើឲ្យនាងភ័យ។ ហើយសម្រាប់ខ្ញុំ ខ្ញុំពិតជាជំរុញឲ្យនាងបានចង្ហាញខ្លួន ចំពោះមុខអ្នកគ្រប់គ្នាដើម្បីដឹងថា តើមិត្តភក្តិរបស់ខ្ញុំអស្ចារ្យប៉ុណ្ណា»។ នេះជាសម្ដីរបស់ អ្នកនាង Samantha Wagers។

អ្នកនាង Samantha ក៏មានផែនការជួយអ្នកគ្រូ ចិន្តាមុនី លើការងាររៃអង្គាសថវិកាផងដែរ។

ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ៕