(អាមេរិក)៖ ក្រុមហ៊ុន Samsung និង Mastercard បានចាប់ដៃគ្នា ដោយបង្កើតនូវកាតសម្រាប់ទូទាត់ប្រាក់ ដោយប្រើមុខងារស្គែនក្រយៅដៃ ដែលជាបច្ចេកវិទ្យាចុងក្រោយ និងទំនើប ហើយក៏ដើម្បីពង្រឹងទៅលើប្រព័ន្ធសន្តិសុខ និងសុវត្ថិភាព។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។
ប្រភពខាងលើបានបញ្ជាក់ថា កាតថ្មីនេះ គឺអាចប្រើបានគ្រប់ទីកន្លែងទាំងអស់ ដែលមាននិមិត្តសញ្ញា Mastercard ដោយក្នុងនោះអ្នកប្រើប្រាស់ តម្រូវឱ្យប្រើស្គែនក្រយៅដៃ ជំនួសឱ្យការវាយបញ្ជូលលេខកូដ ព្រោះវាមានសុវត្ថិភាពជាង។ ក្រុមហ៊ុនទាំងពីរ មិន បានបញ្ជាក់លម្អិតអំពីប្រតិបត្តិការនៃការទូទាត់ប្រាក់ឡើយ។
កាតថ្មីនេះផងដែរ គឺប្រើប្រាស់ឈីប និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung ដែលមានឈ្មោះថា System LSI Business ។ និយាយជារួមគឺ Samsung ជាអ្នកផ្គត់ផ្គង់ទៅលើផ្នែក Hardware មិនប្រើរបស់ Mastercard ឡើយ។
ចំពោះកាតនេះផងដែរ ត្រូវបានគេមើលឃើញថា Samsung អាចនឹងប្រើជាមួយអតិថិជន Samsung Life Insurance ដែលមានអតិថិជន ច្រើនស្រាប។
គួរបញ្ជាក់ផងដែរថា កាតថ្មីនេះ អាចនឹងត្រូវដាក់ប្រើប្រាស់ជាផ្លុវការនៅចុងឆ្នាំនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅតាមបណ្ដាប្រទេស ផ្សេងៗនៅឆ្នាំបន្តបន្ទាប់៕