(លីវើភូល)៖ លោក Jurgen Klopp បានលើកឡើងក្នុងសន្និសីទថា លោកមិនជឿចំពោះកីឡាករល្បីនឹងចាកចោលក្លិប Liverpool ដោយសារតែមិនបានកៅអីលេងនៅ UEFA Champions League នោះទេ។

លោកថា «ខ្ញុំស្គាល់កីឡាករច្បាស់ណាស់។ ពួកគេមិនធ្វើបែបនេះឡើយ។ ស្ថិតក្នុងស្ថានភាពនេះ វាមិនទាន់ដល់ថ្នាក់កីឡាករសំខាន់ៗចង់ចាកចេញពី Anfield ឡើយ»

ការថ្លែងការពារបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីហង្សក្រហម Liverpool បានរងបរាជ័យជាលើកទី៥ ក្នុងដីនារដូវកាលនេះក្នុងលីគកំពូល Premier League ដែលមាន ៤៣ពិន្ទុឈរនៅលេខរៀងទី៧ បណ្តោះអាសន្ន មានគំលាតតែ ៤ពិន្ទុប៉ុណ្ណោះក្នុងតំបន់កៅអី UEFA Champions League សម្រាប់រដូវកាលក្រោយ ដ្បិតឱកាសការពារតំណែងជើងឯកមួយនេះកាន់តែឃ្លាតឆ្ងាយហើយនោះ។

តែយ៉ាងណា ពួកគេធ្វើបានល្អវិញនៅពានអឺរ៉ុប Champions League ដោយសំឡឹងឃើញកៅអីវគ្គ ៨ក្រុមជាបណ្តើរៗហើយ បន្ទាប់ពីនាំមុខ RB Leipzig ២-០ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយដែលត្រូវបានធ្វើឡើងនៅប្រទេសហុងគ្រី មុនបន្តប្រកួតជើងទី២ នៅទីនេះដដែល ដោយសារតែភ័យខ្លាចនៃជំងឺ Covid-19 ដែលកំពុងតែបំលែងថ្មីនៅប្រទេសអង់គ្លេស៕