(ម៉ៃអាមី)៖ ក្លិបបាល់ទាត់ Inter Miami របស់លោក David Beckham បានកំពុងស្ថិតក្រោមការស៊ើបអង្កេតពី MLS របស់អាមេរិកជុំវិញការចុះកិច្ចសន្យានាំយកខ្សែបម្រើ Blaise Matuidi កាលពីខែសីហា ឆ្នាំ២០២០។
កីឡាករសញ្ជាតិបារាំង វ័យ ៣៣ឆ្នាំ Matuidi បានមកចូលរួមជាមួយក្លិបរបស់ David Beckham កាលពីខែសីហាឆ្នាំទៅ ដោយគ្មានតម្លៃផ្ទេរឡើយ បន្ទាប់ពីសមាជិកឈ្នះ World Cup 2018 ខាងលើនេះ បានចប់កិច្ចសន្យាជាមួយក្លិបសេះបង្កង់ Juventus រួចមក។
តែយ៉ាងណា ភ្នាក់ងារនៃលីគកំពូល MLS នៅមិនជឿជាក់ពីរបាយការណ៍ចុះកិច្ចសន្យាផ្ទេររវាងភាគីទាំងពីរឡើយ ដ្បិតប្រាក់ខែរបស់ Matuidi មានដល់ទៅ ១.៦លានដុល្លារឯណោះ។ Matuidi និង David Beckham គឺជាអតីតមិត្តរួមក្រុមជាមួយគ្នាកាលលេងនៅក្លិប Paris Saint-Germain។
Blaise Matuidi រកបានតែ ១គ្រាប់គត់ក្នុងចំណោម ១៥ប្រកួតនៅ Major League Soccer សម្រាប់ Inter Miami កាលពីរដូវកាលមុន នៅមុនពេលចាប់ផ្តើមរដូវកាលនាខែក្រោយនេះ ក្រោមការបង្វឹករបស់លោក Phil Neville ដែលជាអតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអង់គ្លេស៕