(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារីនាឆ្នាំនេះ ក្រុមហ៊ុនសែលកាត បានបង្ហាញជូននូវឈុតវីដេអូពិសេសមួយ ក្រោមកិច្ចសហការជាមួយអង្គការ People in Need Cambodia ដើម្បីអបអរសាទរដល់វីរនារីទាំងអស់នៅក្នុងប្រទេសកម្ពុជា។
យុទ្ធនាការនេះបានប្រើនូវ Hashtag ជំរុញទឹកចិត្តចំនួនបី រួមគ្នាជាមួយនឹងសុភាពនារីដែលមានបុគ្គលិកលក្ខណៈរឹងមាំបំផុតទាំងបីរូបរបស់សែលកាត ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃតម្លៃរបស់ស្ត្រី។ Hashtag ទាំងបីនោះរួមមាន៖ #GenerationEquality #IWD2021 #SheEmpowers។
នៅក្នុងវីដេអូ ដែលកំពុងផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះ កញ្ញា រេត ស៊ូហ្សាណា ដែលជាទូតសុឆន្ទៈតំណាងឱ្យសែលកាត ស្រីនា ដែលជាអ្នកចែករំលែកមាតិកាទាក់ទងនឹងការថែរក្សាសម្រស់ដែលកំពុងទទួលបាននូវការគាំទ្រខ្លាំង និង Mina ដែលជា Idol ដ៏ពេញនិយមបំផុតមួយរូបផងនោះ បានចែករំលែកនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់ ពាក់ព័ន្ធនឹងបញ្ហាប្រឈមនៅក្នុងជីវិត ដើម្បីជួយលើកទឹកចិត្តដល់ស្ត្រីគ្រប់រូប ឱ្យមានកម្លាំងចិត្តក្នុងការសម្រេចបាននូវគោលដៅជីវិតរបស់ខ្លួន។
កញ្ញា ស៊ូហ្សាណា បានចែករំលែកឱ្យដឹងថា៖ «ពេលខ្លះ នៅពេលដែលយើងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក៏មានលេចចេញនូវមនុស្សដែលស្អប់យើង និងចង់ធ្វើឱ្យយើងអាប់ឱន ហើយប្រសិនបើពួកគេយករឿងទាំងអស់ហ្នឹងទៅចែករំលែកនៅលើបណ្តាញសង្គមទៀតនោះ វាអាចនឹងបង្កបញ្ហាជាច្រើនដល់ខ្លួនយើង»។
«ខ្ញុំចង់ផ្តាំផ្ញើរទៅកាន់ស្រ្តីគ្រប់រូបថា យើងត្រូវតែធ្វើខ្លួនឱ្យរឹងមាំជាងបុគ្គលទាំងអស់នេះ ហើយយើងត្រូវជឿជាក់លើខ្លួនឯង និងកុំសូវខ្វល់ខ្វាយពីអ្វីដែលមនុស្សផ្សេងទៀតកំពុងគិតមកលើយើង។ មិនត្រូវឱ្យគេមករារាំងផ្លូវទៅកាន់គោលដៅរបស់យើងនោះឡើយ»។
អ្នកទាំងអស់គ្នា ដែលបានទស្សនាវីដេអូនៅលើទំព័រហ្វេសប៊ុកសែលកាត Cellcard Play និង People in Need Cambodia ក៏ត្រូវបានលើកទឹកចិត្តឱ្យចែករំលែកវីដេអូទាំងនេះ ទៅកាន់ស្រ្តីទាំងអស់ដែលពួកគេតែងគោរពកោតសរសើរ និងឱ្យតម្លៃបំផុត រួមជាមួយនឹងសារផ្ទាល់ខ្លួនដើម្បីសម្តែងនូវការដឹងគុណផងដែរ។
រឿងរ៉ាវទាំងឡាយដែលមានអត្ថន័យដក់ជាប់អារម្មណ៍បំផុតនៅក្នុងយុទ្ធនាការនេះ នឹងត្រូវយកទៅចែករំលែកបន្តនៅតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជ្រាបកាន់តែច្បាស់។
កិច្ចសហការនៅក្នុងយុទ្ធនាការ រវាងក្រុមហ៊ុនសែលកាត និងអង្គការ People in Need Cambodia នេះ គឺជាគំនិតផ្តួចផ្តើមមនុស្សធម៌ដំបូងគេក្នុងឆ្នាំនេះ បន្ទាប់ពីស្ថាប័នទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នារកាលពីខែមករាកន្លងទៅថ្មីៗនេះ។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ «អង្គការ People in Need Cambodia កំពុងដឹកនាំនូវគម្រោងជាច្រើន ដែលផ្តល់នូវសារៈប្រយោជន៍នៅទូទាំងប្រទេសកម្ពុជា ហេតុដូចនេះហើយ ក្រុមហ៊ុនសែលកាត ពិតជាមានមោទនភាពបំផុត ដែលបានចូលរួមសហការជាមួយ ក៏ដូចជាជួយផ្សព្វផ្សាយនូវកិច្ចការងារដែលពួកគេកំពុងអនុវត្ត»។
ក្រោមកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត រួមជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងចូលរួមគាំទ្រគម្រោងរបស់អង្គការ PIN ដោយក្នុងនោះមានដូចជា គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ សមភាពយេនឌ័រ និងការគោរពសិទ្ធិស្ត្រីនិងកុមារជាដើម៕