(កូរ៉េ)៖ បន្ទាប់ពីទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជុំវិញពិភពលោក នៅពេលនេះ ក្រុមចម្រៀង K-POP បុរស BTS បានទទួលពានរង្វាន់ប្រចាំឆ្នាំឈ្មោះថា «Global Recording Artist» ពីសហព័ន្ធអន្តរជាតិផ្នែកសូរស័ព្ទ (IFPI)។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។

ការផ្តល់ពានរង្វាន់នៅពេលនេះ គឺបន្ទាប់ពីក្រុមចម្រៀងរបស់កូរ៉េខាងត្បូងមួយនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០២០ ពោលគឺបានក្លាយជាតារាចម្រៀងកូរ៉េដំបូង ដែលឡើងដល់កំពូលតារាង Billboard របស់អាមេរិក ក្នុងចំណោមចម្រៀងល្បីៗចំនួន១០០ (ក្រុម-នាក់) តាមរយៈបទចម្រៀងជាភាសាអង់គ្លេស «Dynamite»។ លើសពីនេះ គឺថែមទាំងត្រូវបានតែងតាំងសម្រាប់កម្មវិធីទទួលពានរង្វាន់ Grammy ជាលើកដំបូងផងដែរ។

ជោគជ័យថ្មីបន្ថែមទៀតក្នុងឆ្នាំ២០២០នោះ គឺក្រុមនេះ ត្រូវបានផ្តល់ឈ្មោះថា សិល្បករប្រចាំឆ្នាំ របស់ទស្សនាវដ្តី Times magazine រួមជាមួយនឹងសមិទ្ធផលគួរឲ្យសរសើរជាច្រើនទៀត។

«BTS ជាសិល្បៈលំដាប់ពិភពលោក។ ពួកគេបានបង្កើតភាពលេចធ្លោរប្រចាំឆ្នាំ ជាមួយនឹងការបញ្ចេញអាល់ប៊ុមចំនួន៣ ហើយបច្ចុប្បន្នកំពុងតែបន្តបង្កើតនូវអ្វីដែលថ្មី នៅលើថិវីតន្រ្តីសម្រាប់ទស្សនិកជនទូទាំងពិភពលោក»។ នេះគឺជាសំដីរបស់នាយកប្រតិបត្តិ IFPI លោក Frances Moore បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

គួរជម្រាបថា ក្រៅពីក្រុមចម្រៀងបុរស BTS ដែលបានទទួលពានរង្វាន់ ជាប់ឈ្មោះជាសិល្បករលំដាប់ពិភពលោកពី IFPI ចំពោះបុគ្គលបន្ទាប់ គឺបានទៅលើតារាចម្រៀងអាមេរិក Taylor Swift និងលេខ៣ គឺតារារ៉េប លោក Drake៕