(ភ្នំពេញ)៖ កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី បានទទួលឱកាសឡើងសង្វៀនលំដាប់ពិភពលោក ONE Championship ទៀតហើយ ដោយត្រូវបានផ្គូរផ្គងប៉ះកីឡាការិនីជើងខ្លាំងអាមេរិក Colbey Northcutt ក្នុងព្រឹត្តិការណ៍ ONE: TNT IVនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ខាងមុខ។
ការផ្គូផ្គងប៉ះកីឡាការិនីមានបទពិសោធប្រហាក់ប្រហែលគ្នានេះ ធ្វើឡើងក្រោយអ្នកលេងគុនចម្រុះមានឪពុកម្ដាយជាខ្មែរ និងកើតនៅអាមេរិក កីឡាការិនី ឯម សុវណ្ណារី បង្ហាញគោលបំណងចង់មានឱកាសឡើងប្រកួតឲ្យបានញឹកញាប់ ចាប់ពីឆ្នាំ២០២១ នេះតទៅ បន្ទាប់ពីនាងបានផ្តួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ត្រឹមទឹកទី២ ដើម្បីបង្កើនជ័យជម្នះលើកទី២ ក្នុងប្រវត្តិប្រកួត ៣ដងលើសង្វៀន ONE Championship។
ចំពោះកីឡាការិនីអាមេរិក Colbey Northcutt ជាកីឡាការិនីចាស់វស្សាម្នាក់ ប៉ុន្តែមានប្រវត្តិឡើងប្រកួតមិនលើ សុវណ្ណារី ប៉ុន្មានឡើយ។ នាងមានវ័យ ២៧ឆ្នាំ និងធ្លាប់ប្រកួតបាន ៧ដង ក្នុងឈ្នះ៥ និងចាញ់២ តែបទពិសោធលើសង្វៀន ONE នាងទើបប្រកួតបានម្ដងប៉ុណ្ណោះ ដោយយកឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Putri Padmi ដោយពិន្ទុ។
យ៉ាងណាមិញការប្រកួតនេះ ត្រូវបានអ្នកជំនាញគុនចម្រុះរំពឹងថា នឹងមានភាពតានតឹង ដ្បិតដៃគូរបស់ សុវណ្ណារី គឺមានកម្ពស់បាន ហើយវាយបានគ្រប់ទម្រង់ ទាំងការវាយដោយជំហរ រួមមានការទាត់ និងប្រើកណ្ដាប់ដៃ និងស្នៀតក្លេជាដើម។ តែផ្អែកលើការប្រកួតចុងក្រោយរបស់ សុវណ្ណារី វិញ នាងក៏មានស្នៀតពិសេសៗជាច្រើនផងដែរ។ ដូច្នេះហើយ ទើបថ្នាក់ដឹកនាំស្ថាប័ន ONE ផ្គូផ្គងឲ្យអ្នកទាំងពីរជួបគ្នា៕