(ភ្នំពេញ)៖ ក្លិបគិរីវង់សុខសែនជ័យ បានបង្ហាញខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល ២រូបទៀតហើយ ដើម្បីបង្គ្រប់កូតាកីឡាករបរទេសជាផ្លូវការ មុនបើកទ្វារផ្ទះស្វាគមន៍ក្រុមអាស៊ីអឺរ៉ុប ក្នុងជំនួបបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជានាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ។
ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមមាន់គកខាងលើរួមមានកីឡាករ Osmar Francisco Moreira Jesuino និងមិត្តរួមជាតិ Douglas Rosa Tardin។ សម្រាប់កីឡាករវ័យ ៣៣ឆ្នាំ Osmar ធ្លាប់លេងក្នុងលីគទី២ ជប៉ុន ជាមួយក្លិប Fukuoka Avispa និងលេងនៅលីគកំពូលវៀតណាមជាមួយក្លិប CLB Bong Da Hoang Anh Gia Lai ជាដើម។
រីឯកីឡាករវ័យ ២៩ឆ្នាំ Tardin រូបគេធ្លាប់ចំណាយពេល ៥រដូវកាលជាមួយក្លិប FC Wangen bei Olten នៅក្របខណ្ឌលីគទី២ ប្រទេសស៊ុយអ៊ែត មុនផ្លាស់មកលេងឲ្យក្លិប Quảng Nam FC នៅលីគទី២ ប្រទេសវៀតណាម នៅឆ្នាំ២០១៨។ បន្ទាប់មក Tardin បានត្រឡប់ទៅលេងនៅទឹកដីកំណើតវិញ ដោយចូលរួមជាមួយសមាគមបាល់ទាត់ Desportiva Ferroviária មុនផ្ទេរមកក្លិបគិរីវង់សុខសែនជ័យ ពេលនេះ។
ដូច្នេះពេលនេះក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ បានបំពេញកូតាកីឡាករបរទេសត្រៀមធ្វើសង្គ្រាមលើសមរភូមិវាលស្មៅ នារដូវកាលថ្មីរួចហើយ ដោយក្រៅពីខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលខាងលើ គិរីវង់សុខសែនជ័យបាននាំចូលកីឡាករជប៉ុន ២រូប គឺកីឡាករ Reiya Kinoshita និង Taku Yanagidate ព្រមទាំងបន្ដកុងត្រាកីឡាករសញ្ជាកាមេរូន David Jullien William Koum កាលពីថ្មីៗ។
ទន្ទឹមជាមួយគ្នា ក្រុមចំណាត់ថ្នាក់លេខ៨ ឆ្នាំចាស់នេះ ក៏បាននាំចូលកីឡាករខ្មែរល្អៗមួយចំនួន មកពង្រឹងក្រុមបន្ថែមផងដែរ ដើម្បីឈានទៅសម្រេចគោលដៅប្រជែងកៅអី Top-6 ក្នុងក្របខណ្ឌលីគ កំពូលកម្ពុជា ឆ្នាំ២០២១ របស់ខ្លួន។ គិរីវង់សុខសែនជ័យ នឹងត្រូវប្រកួតបើការដូវកាលថ្មីស្អែកនេះ ដោយត្រូវជួបក្រុមភ្ញៀវអាស៊ីអឺរ៉ុប នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ៕