(ភ្នំពេញ)៖ វីដេអូចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ដែលមានការចូលរួមពីសិល្បករខ្មែរជាច្រើន ទទួលបានការចូលទស្សនា ២លានដង (2 million views) ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។

វីដេអូចម្រៀង (MV) បទនេះ ដែលចាក់ផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រូវបានផលិតឡើងក្នុងគោលបំណងចូលរួម បំផុសស្មារតីពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈ ឲ្យចេះជួយគ្នាទៅវិញទៅមក ជាពិសេសក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩។

ដោយសារភាពល្បីល្បាញរបស់យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា» ដែលធ្វើឡើងក្នុងគោលបំណងលើកស្ទួយសាមគ្គីភាព របស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស វីដេអូចម្រៀង (MV) «ឆ្ពោះទៅមុខរួមគ្នា» ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយមានចំនួនការចូលទស្សនាសរុបចំនួន ២លានដងបានបន្ទាប់ពី MV នេះត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ Pleng by Smart និង Smart ព្រមទាំងទំព័រហ្វេសប៊ុកផ្សេងៗទៀតរបស់ក្រុមសិល្បករ។

លោក សុខ វិសាល ដែលជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំផលិតវីដេអូចម្រៀងនេះ បានថ្លែងថា៖ «យើងមានមោទនាភាពយ៉ាងខ្លាំង ដែលវីដេអូចម្រៀងបទនេះ ទទួលបានការចូលទស្សនាយ៉ាងច្រើនបែបនេះ ក្នុងពេលត្រឹមតែ ២៤ម៉ោង»

លោកបន្ថែមថា «ខ្ញុំរំពឹងថា នឹងមានការចូលទស្សនាកាន់តែច្រើនឡើងថែមទៀត ហើយអ្នកទស្សនានឹងស្វែងយល់អត្ថន័យនៅក្នុងវីដេអូចម្រៀងនេះ»

វីដេអូចម្រៀង (MV) បទ «ឆ្ពោះទៅមុខរួមគ្នា» គឺជាស្នាដៃដឹកនាំរួមគ្នាដំបូងបង្អស់របស់អ្នកដឹកនាំ ផលិតភាពយន្ត និងវីដេអូកម្សាន្តល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីវកម្មល្បីៗ ជាច្រើននៅកម្ពុជា និងកញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ»

វីដេអូបទចម្រៀងនេះ ច្រៀងនិងសម្តែងរួមគ្នាដោយតារាចម្រៀង ១៣ រូបរួមមាន៖ កេសរ, ពេជ្ជរិទ្ធ, ដេវីត, ភិរម្យ (ពីក្រុម SmallWorld SmallBand), ស៊ូលី ផេង, 4T5, Bross La, Reezy, កញ្ចនា, វុទ្ធា, Ruthko សេរី និង DJ Chee។

បទចម្រៀង និងវីដេអូចចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» អាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app និងយូធូប Smart Axiata ឬតាមរយៈតំណភ្ជាប់ (Link) នេះ៖ https://youtu.be/ValyCjdu7sk