(អាមេរិក)៖ យើងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Counterpoint Research បានឱ្យដឹងថា Apple នៅតែនាំមុខគេក្នុងការលក់ នាឡិកាដៃវៃឆ្លាត បើទោះបីជាមានគូប្រជែងច្រើន និងជួបវិបត្តិកូវីដ-១៩ក្ដី។

របាយការណ៍របស់ក្រុមហ៊ុនខាងលើបានបង្ហាញថា នៅត្រីមាសចុងឆ្នាំ ២០២០ តួលេខនៃការលក់ នាឡិកាដៃវៃឆ្លាត បានកើនឡើង ១.៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយក្នុងនោះ Apple បាននាំមុខគេ និងផ្ដោបបានចំណែកទីផ្សាររហូតដល់ ៤០ភាគរយ ខណៈដែល Samsung ឈរនៅលេខរៀងទី២ មានចំណែកទីផ្សារ ត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។

ក្រុមហ៊ុន Huawei ក៏មានអត្រាលក់ខ្ពស់ផងដែរនៅត្រីមាសចុងឆ្នាំ ២០២០ ដោយក្ដោបបានចំណែកទីផ្សារ ៨ភាគរយ ប្រកៀកប្រកិតនឹង Samsung ខណៈ Fitbit មាន ៧ភាគរយ និងរបស់ក្រុមហ៊ុន BBK group មាន ៦ភាគរយ។

បើតាមរាយការណ៍ Apple លក់នាឡិកាដៃវៃឆ្លាត Watch Series 6 និង Watch SE សរុបចូលគ្នាបានប្រមាណ ១២.៩លានគ្រឿង នៅក្នុង ត្រីមាសចុងឆ្នាំ២០២០ ហើយនៅត្រីមាសដើមឆ្នាំ២០២១នេះ Apple លក់នាឡិកាដៃវៃឆ្លាតរបស់ខ្លួនបានច្រើនគួរឱ្យកត់សម្គាល់ ដែលនាំឱ្យ ក្រុមអ្នកវិភាគបានលើកឡើងថា Apple អាចនឹងផ្ដោបទីផ្សារនាឡិកាដៃវៃឆ្លាតជាង ៥០ភាគរយ នៅក្នុងឆ្នាំ២០២១នេះ៕