(ភ្នំពេញ)៖ កញ្ញា តីតី មានឈ្មោះពិតថា ស្រី ម៉ានិត ដែលត្រូវបានមហាជនភាគច្រើនស្គាល់តាមរយៈចូលរួមសម្តែងជាតួកាចក្នុងរឿងជាច្រើននោះ ថ្មីៗនេះបានបង្ហាញវត្តមានក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆៅរបស់តារា» របស់ទូរទស្សន៍ Fresh News និងបានទម្លាយអាថ៌កំបាំងក្នុងចិត្តថា «ចង់បានស្នេហាបែបអឺរ៉ុប»។

ការអះអាងបែបនេះ ពីសំណាក់តារាស្រីរាងតូចច្រឡឹង តីតី គឺបន្ទាប់ពីត្រូវបានពិធីករ-ពិធីការិនី ក្នុងកម្មវិធី ជជីកសួរពីរឿងរ៉ាវផ្ទាល់ខ្លួន ជាពិសេសអាថ៌កំបាំងស្នេហា ដែលទស្សនិកជនមិនទាន់បានជ្រាប។ ឆ្លើយតបនឹងសំណួររឿងស្នេហា តីតី បានឲ្យដឹងថា ត្បិតថាកន្លងទៅ កាលនៅក្មេងខ្លួនធ្លាប់មានស្នេហាក៏ពិតមែន តែពេលនេះ គឺនៅទំនេរតែម្តង ពោលគឺមិនទាន់គិតគូរឿងស្នេហាឡើយ។ តែបើឲ្យនិយាយពីបុរសក្នុងក្តីស្រមៃ តីតី បាននិយាយថា នាងចង់បានគូស្នេហ៍បែបអឺរ៉ុប បានន័យថា ជាមនុស្សមិនសូវប្រកាន់ច្រើន ពោលគឺមិនប្រច័ណ្ឌច្រើនតែម្តង។

កញ្ញា តីតី បាននិយាយថា «កាលពីអាយុ១៩ឆ្នាំ ធ្លាប់មានស្នេហា យូរៗទៅគិតថាយើងនៅក្មេងពេក ហើយក៏ឈប់គិតគូពីរឿងស្នេហាទៅ។ រហូតមកដល់ពេលនេះ មិនទាន់មានស្នេហាទេ បើមាន គឺមានអ្នកស្រឡាញ់ តែមិនទាន់សម្រេចចិត្តយកទេ ព្រោះរង់ចាំថាខ្លួនឯងមានអ្វីដែលជារបស់ខ្លួនឯងសិន។ រហូតដល់ដល់នឹងពេលនេះ គឺជាវ័យចាស់ទុំ ដូច្នេះចង់បានអ្នកដែលច្បាស់លាស់... បុរសក្នុងក្តីស្រមៃគឺស្រឡាញ់បុរសបែបអឺរ៉ុប ពោលមិនសូវស្រឡាញ់អ្នកប្រច័ណ្ឌខ្លាំងទេ...»

ក្រៅពីទម្លាយអាថ៌កំបាំងក្នុងចិត្តទៅដល់ទស្សនិកជន តីតី បានរំឭកពីប្រវត្តសិល្បៈរបស់ខ្លួនថា នាងបានចូលសម្តែងរឿងតាំងពីវ័យ៦ឆ្នាំមកម្ល៉េះ ត្បិតមានឈាមជ័រ ជាអ្នកសិល្បៈ និងស្រឡាញ់មានទេពកោសល្យជាអ្នកសិល្បៈផងនោះ។ បើនិយាយឲ្យចំទៅ ម្តាយរបស់នាង គឺជាតារាសម្តែងជើងចាស់និយមដើរតួយក្សក្ខេណី និងជាគ្រូបង្ហាត់សម្តែង ខណៈឪពុកគឺជាអ្នករៀបចំសម្លៀកបំពាក់សម្រាប់តួសម្តែង។

តារាស្រីរូបនេះ បានបន្ថែមថា ខ្លួនចូលសិល្បៈក្នុងអំឡុងឆ្នាំ២០០០ ឆាប់ផ្តើមថតរឿង «សុំម៉ែទៅរៀន» បន្ទាប់ក៏ថតរឿង «នាងកង្រី» និងថតស្ពតជាដើម។ ដោយទទួលបានការបង្ហាត់បង្រៀនសម្តែងបន្ថែមពីអ្នកម្តាយ រួមផ្សំជាមួយនឹងចិត្តស្រឡាញ់ផ្នែកសម្តែងពីកំណើតផងនោះ បានធ្វើឲ្យផលិតករចេះតែទាក់ទងសម្តែងជាបន្តបន្ទាប់។

នាងថា រឿងភាគដំបូងបំផុតដែលបានចូលរួមសម្តែងគឺ រឿង «វេទមន្តស្នេហ៍» បន្ទាប់មកគឺរឿង «ធនជ័យ», រឿង «ផ្តាយមារ» និងរឿងបន្តបន្ទាប់ទៀត បើសរុបពីក្មេងរហូតបច្ចុប្បន្ន អាចចូល២០រឿងជាងហើយ។ ជាពិសេស បច្ចុប្បន្នគឺបានបញ្ចេញស្នាដៃជាបន្តបន្ទាបក្នុងផលិតកម្មកំពុងល្បី Sastram Film ទៀតផង។

គួរជម្រាបថា តារាសម្តែង តីតី បច្ចុប្បន្នហាក់មានភាពមមាញឹកខ្លាំងក្នុងការសម្តែង ដោយភាគច្រើនផលិតករតែងតែដាក់តួកាចឆ្នាស់ និងឆ្កួតៗ ហើយជាតួស្លូតម្តងម្កាល ឲ្យតារាស្រីរូបនេះសម្តែង តែមិនមែនចរិកពីកំណើតរបស់នាងបែបនេះឡើយ ពោលគឺនាងលើកឡើងថា ដោយសារតែអ្នកដឹកនាំមើលឃើញចរិកនាង អាចបត់បែនបានរាល់ការសម្តែងទាំងកាច និងស្លូត៕