(អាមេរិក)៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានប្រកាសឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនកំពុងតែពង្រីកសមត្ថភាព ទៅលើ រថយន្ត Tesla ទាំងអស់ ដើម្បីឈានទៅដល់កម្រិត «Full Self Driving» ក្នុងគោលដៅផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។

កំពូលមហាសេដ្ឋីលំដាប់ពិភពលោករូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោក ដោយបានបញ្ជាក់ថា Software ថ្មីនឹងជួយបង្កើតសមត្ថភាពរថយន្ត Tesla ឱ្យកាន់តែអស្ចារ្យជាងមុន ដោយក្នុងនោះមុខងារ «Full Self Driving» គឺត្រូវបាន ពង្រីកបន្ថែម ដើម្បីសុវត្តិភាព និង អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។

សម្រាប់ «Full Self Driving» Beta នេះត្រូវបានក្រុមហ៊ុន Tesla ប្រកាសបង្ហាញឱ្យដឹងកាលពីខែតុលាកន្លងទៅនេះ ដោយក្នុងនោះ បានធ្វើ ការសាកល្បងទៅលើរថយន្តជាច្រើនរួចមកហើយ ហើយនៅពេលនេះក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈផងដែរ គ្រាន់តែ សមត្ថភាព របស់ វាមិនទាន់ពេញលេចប៉ុណ្ណោះ ព្រោះស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែបើតាមលទ្ធផលនៃការធ្វើតេស្ដ ឃើញថាទទួលបានលទ្ធផលល្អច្រើន៕