(បាសេឡូណា)៖ លោក Joan Laporta ត្រូវបានផ្តល់សេចក្តីទុកចិត្តជាលើកទី២ ក្នុងការដឹកនាំក្លិបបាល់ទាត់ FC Barcelona ក្នុងការបោះឆ្នោតដែលទទួលបានការគាំទ្រជាង ៥៤% នៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។

នៅចាំបានថា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥៨ឆ្នាំខាងលើនេះ គឺជាអ្នកជ្រើសតាំងលោក Pep Guardiola ជាអ្នកចាត់ការទូទៅប្រចាំក្លិបស្ថិតនៅតំបន់ Catalan គិតចាប់តាំងពីលោកដឹកនាំក្លិបនេះលើកទី១ នៅអំឡុងឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។

លោក Laporta ចូលកាន់តំណែងជាប្រធានក្លិប FC Barcelona ជំនួសកន្លែងលោក Josep Maia Bartomeu ដែលបានលាឈប់កាលពីខែតុលា ឆ្នាំ២០២០ ក្នុងការបោះឆ្នោតដែលមានគូប្រជែង ២រូបផ្សេងទៀតរួមមានលោក Font ទទួលបានសំឡេងគាំទ្រ ៣០% និងលោក Toni Freixa ឈរនៅចំណាត់ថ្នាក់លេខ៣។

យោងតាមរបាយការណ៍ពី Barcelona ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះបានឲ្យដឹងថា «សមាជិកចំនួន ៥៥៦១១នាក់បានចូលរួមបោះឆ្នោត ក្នុងចំណោមសមាជិកសរុប ១០៩៥៣១នាក់ ដែលត្រូវបានពន្យារតាំងពីខែមករាឆ្នាំនេះ ដោយសារវិបត្តិនៃជំងឹ Covid-19»