(លីវើភូល)៖ ក្រុមដែលដឹកនាំដោយលោក Jurgen Klopp បានបន្តបរាជ័យក្នុងទីលាន Anfield ជាលើកទី៦ ក្រោយពីបានចាញ់ក្រុមកំពុងជួបវិបត្តិធ្លាក់ចេញពីលីគអង់គ្លេស Premier League នោះគឺក្រុមភ្ញៀវ Fulham ១-០ ដែលធ្វើឲ្យក្រុមរហស្សនាម ហង្សក្រហម បន្តមានត្រឹម ៤៣ពិន្ទុឈរលខ ៨ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន។

លោក Scott Parker អ្នកចាត់ការទូទៅរបស់ Fulham បានលើកឡើងថា «ជ័យជម្នះនេះ ជាការលើកទឹកចិត្តមួយសម្រាប់ក្រុម Fulham ដែលធ្វើឲ្យមានក្តីសង្ឃឹមដ៏អស្ចារ្យ»

ការស៊ុត ១គ្រាប់របស់ខ្សែបម្រើ Mario Lemina នៅនាទី៤៥ ចុងតង់ទី១ បានជួយក្រុមឈរលេខ ១៨ក្បែរបាតតារាងមួយនេះ រកបានមាន ២៦ពិន្ទុស្មើក្រុម Brighton ដែលឈរលេខ១៧ ដែលនេះជាជ័យជម្នះលើកដំបូងនៅកីឡដ្ឋាន Anfield ចាប់តាំងពីឆ្នាំ២០១២ មកគ្រាដែល Fulham ត្រូវប្រជែងជាមួយ Man City នៅប្រកួតបន្ទាប់ក្នុងលីគ។

ចំណែកឯ Liverpool វិញនៅមានភាគរយតិចតួចប៉ុណ្ណោះក្នុងការប្រជែងការពារតំណែងជើងឯករដូវកាលនេះ ដោយកំពុងតែស្វែងរកជ័យជម្នះមកវិញនៃការប្រជែងតំណែង Top-4 កៅអីលេង Champions League ក្រោយធ្វើមិនបានល្អក្នុងទឹកដីកន្លងមកនេះ ខណៈមានត្រឹម ៤៣ពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាង Man City ដល់ទៅ ២២ពិន្ទុឈរលខ៨ ដោយប្រកួតបន្ទាប់ត្រូវជួបក្រុម Wolverhampton Wanderers ប្រចាំសប្តាហ៍ទី២៩ ក្រោយជួប RB Leipzig នៅលីគអឺរ៉ុបបញ្ចប់ជើងទី២៕