(ភ្នំពេញ)៖ ខ្សែបម្រើវ័យក្មេង ជូ ស៊ីនទិ ហាក់មិនសូវមានក្ដីរំពឹងក្នុងការប្រជែងកៅអីលេងនារដូវកាលថ្មី ឆ្នាំ២០២១ ជាមួយក្លិបព្រះខ័នរាជស្វាយរៀងនោះទេ តែខ្លួនប្ដេជ្ញាចិត្តនឹងខំប្រឹង ដើម្បីពង្រឹងសមត្ថភាព និងមានឱកាសជួយក្លិបក្នុងក្តីស្រម៉ៃរបស់ខ្លួន។

កីឡាករវ័យ ១៨ឆ្នាំផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទីរូបនេះបាននិយាយថា «ក្នុងនាមខ្ញុំជាកីឡាករវ័យក្មេងម្នាក់ ដែលទើបតែមកដល់ទីនេះ នៅក្នុងឆ្នាំដំបូង ខ្ញុំមិនសូវរំពឹងខ្ពស់ថា ខ្ញុំបានបង្ហាញខ្លួនច្រើននោះទេ ប៉ុន្ដែដរាបណាខ្ញុំនៅលើទីលាន ខ្ញុំប្ដេជ្ញាថា ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ពីព្រោះខ្ញុំចង់ឈ្នះគ្រប់ការប្រកួតទាំងអស់ជាមួយក្លឹបស្វាយរៀង»

ជូ ស៊ីនទិ បានផ្លាស់មកក្លិបអាជីពដំបូង ក្រោយចំណាយពេល ៥ឆ្នាំជាមួយសាលាបាល់ទាត់ជាតិបាទី ហើយមូលហេតុគេសម្រេចចិត្តចូលរួមជាមួយស្វាយរៀងនេះ ព្រោះគេយល់ថា ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ សម្បូរគ្រូបង្វឹកល្អៗ ហើយក្លិបសម្រួលដល់ការស្នាក់នៅ និងការរៀនសូត្ររបស់ខ្លួនទៀត។ ហេតុនេះខ្លួន ប្ដេជ្ញានឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លិប។

គួរបញ្ជាក់ថា ក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីបញ្ចេញកីឡាករចាស់វស្សា និងមានបទពិសោធមួយចំនួន ព្រះខ័នរាជស្វាយរៀង ក៏បាននាំចូលសមាជិកថ្មីច្រើនផងដែរ ទាំងកីឡាករខ្មែរ និងកីឡាករបរទេស ក្នុងនោះក៏មានកីឡាករវ័យក្មេងមួយចំនួនដែរ ជាក់ស្ដែងដូចជាខ្សែបម្រើ ជូ ស៊ីនទិ ជាដើម ខណៈការប្រកួត Pre-Season កន្លងមក លោក Conor Nestor ក៏បានផ្ដល់ឱកាសឲ្យពួកគេបង្ហាញខ្លួនផងដែរ៕