(ក្រុងឡុងដ៍)៖ តាមរយៈជ័យជម្នះ ២-០ ទៅលើក្រុមភ្ញៀវ Everton នៅកីឡដ្ឋាន Stamford Bridge បានធ្វើឲ្យក្រុមតោខៀវ Chelsea លេងមិនចាញ់ឡើយនៅ Premier League ក្រោមការបង្វឹករបស់លោក Thomas Tuchel ជាង ១ខែមកនេះ។
នេះជាជ័យជម្នះលើកទី៧ ជាប់ៗក្នុងលីគកំពូលអង់គ្លេស ក្រៅពីស្មើ២ដងក្រោមការបង្វឹករបស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ដែលត្រូវបានតែងតាំងជំនួសកៅអីលោក Frank Lampard និងបន្តធ្វើបានល្អផងដែរនៅ UEFA Champions League វគ្គ ១៦ក្រុម ដោយបានយកឈ្នះ Atletico Madrid ១-០ របស់អេស្ប៉ាញក្រៅដី។
កីឡាករខ្សែការពារ Godfrey របស់ក្រុមស្ករគ្រាប់បានធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទី៣១ មុនពេលខ្សែបម្រើអ៉ីតាលី Jorginho ប៉េណាល់ទីគ្រាប់ទី២ នៅនាទី៦៥ ដើម្បីមាន ៥០ពិន្ទុឡើងទៅឈរនៅចំណាត់ថ្នាក់ Top-4 តំបន់កៅអី Chapions League វិញផងដែរ នៅពេលដែលគូប្រជែង Everton បន្តឈរនៅលេខរៀងទី៦ ដដែលដោយមាន ៤៦ពិន្ទុបណ្តោះអាសន្ន៕