(ហ្ស៊ូរិច)៖ គម្រោងបន្ថែម ៤ក្រុមទៀតទៅលើ ៣២ក្រុម ដើម្បីលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League ចាប់ពីឆ្នាំ២០២៤ ទៅនោះ នឹងដឹងលទ្ធផលត្រឹមក្នុងខែមីនា ឆ្នាំ២០២១ នេះ។
លោក Andrea Agnelli ប្រធានសមាគមគ្រប់គ្រងសមាជិកក្លិបនៅអឺរ៉ុប (ECA) បានជឿជាក់ថា កិច្ចប្រជុំសម្រេចចុងក្រោយនេះ នឹងត្រូវបានធ្វើឡើងនៅក្នុងរយៈពេល ២សប្តាហ៍ខាងមុខ ដើម្បីពិភាក្សា និងរកដំណោះស្រាយក្នុងការបន្ថែម ៤ក្រុមថ្មីទៅក្នុងរូបមន្តចាស់ ៣២ក្រុម។
លោកថា កិច្ចប្រជុំរវាង ECA នឹងធ្វើទៅតាមពេលវេលាដដែល នៅពេលដែលគណៈគ្រប់គ្រង UEFA រង់ចាំតែហត្ថលេខាយល់ព្រមប៉ុណ្ណោះ គ្រាដែលព្រឹត្តិការណ៍ European Super League (ESL) ទំនងជាមិនកើតឡើងនោះទេ។
គួររំលឹកផងថា Bayern Munich គឺជាក្រុមដែលឈ្នះពាន UEFA Champions League ចុងក្រោយគេក្នុងឆ្នាំ២០២០ បន្ទាប់ពីផ្តួល Paris Saint-Germain ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ និងមាន ៣២ក្រុមចូលរួម ចែកចេញជា ៨ពូល៕