(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញពិធីការិនី កែវ ច័ន្ទនិមល និងក្រុមគ្រួសារត្រូវបានតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-១៩ នៅពេលនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក បាយ៉ារិទ្ធ ត្រូវបានប្រកាសថា ក៏មានវិជ្ជមានចំពោះកូវីដ-១៩ផងដែរ។

តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook របស់ខ្លួនឯងមុននេះបន្តិចថា «លោកបានឆ្លងជំងឺ Covid-19»

លោក ហេង ឡុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍សិល្បករខ្មែរ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ១៩ សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាបន្ទាន់។

ទន្ទឹមគ្នានេះ លោក ណុប បាយ៉ារិទ្ធផ្ទាល់ ក៏បានប្រកាសប្រាប់មហាជនផងដែរថា «មុននេះបន្តិចខ្ញុំបានទទួលលទ្ធផលហើយ គឺខ្ញុំមានវិជ្ជមានកូវីដ១៩ ខ្ញុំកំពុងរៀបចំសម្លៀកបំពាក់និងរង់ចាំរថយន្តខាងក្រសួងសុខាភិបាលមកទទួល អរគុណសម្រាប់ការព្រួយបារម្ភរបស់បងប្អូន។ ខ្ញុំត្រូវតែរឹងមាំ យកឈ្នះជំងឺនេះដោយការព្យាបាលពីគ្រូពេទ្យអោយបាន ខ្ញុំមិនតក់ស្លុតនិងការពិតនេះទេ ត្បិតខ្ញុំក្តី អ្នកដែលខ្ញុំឆ្លងពីគាត់ក្តី គ្មានអ្នកណារីករាយចង់ទទួលឡើយ មានតែពាក្យមួយប្រាប់ខ្លួនឯងគឺរឹងមាំ តស៊ូ»

ក្រោយទទួលបានដំណឹងនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ក៏ដូចជាអ្នកគាំទ្រតារាហង្សមាសផ្សេងទៀត បានជូនពរជាបន្តបន្ទាប់ ឲ្យលោកឆាប់ជាសះស្បើយពីជំងឺមួយនេះ ជាពិសេសអ្នកដែលពាក់ព័ន្ធផ្សេងទៀត សូមឲ្យជៀសផុតពីជំងឺនេះផងដែរ៕