(មីឡាន)៖ Inter Milan របស់លោក Antonio Conte បានបន្តនាំមុខកំពូលតារាង Serie A ដាច់ ៦ពិន្ទុពីក្រុមលេខ២ AC Milan នៅពេលលេងឈ្នះក្រុមភ្ញៀវ Atalanta ក្នុងលទ្ធផល ១-០ ក្នុងសប្តាហ៍ទី២៦ ជើងទី២ នៅរាត្រីថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១។

កីឡាករខ្សែការពារ Milan Skriniar ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៥៤ ពីការបញ្ជូនរបស់មិត្តរួមក្រុម Bastoni ដើម្បីបន្តកំណត់ត្រាលេងឈ្នះ ៧ប្រកួតក្នុងលីគជាប់ៗគ្នា ដែលពួកគេធ្លាប់ធ្វើបានកាលពីឆ្នាំ២០១០ មក។

មិនតែប៉ុណ្ណោះ ពួកគេលេងស្មើតែ ១ដងគត់គិតចាប់តាំងពីចុងខែមករា ឆ្នាំ២០២១ មក ដោយកាន់តំណែងកំពូលតារាងដ៏រឹងមាំជាមួយ ៦២ពិន្ទុនៅពេល AC Milan ដែលឈរនៅលេខ២ មាន ៥៦ពិន្ទុ។

តាមរយៈជ័យជម្នះនេះដែរ ក៏បានបញ្ចប់ភាពលេងមិនចាញ់របស់ Atalanta ដែលឈ្នះ ៣ប្រកួតជាប់ៗគ្នាក្នុងលីគ ធ្វើឲ្យពួកគេធ្លាក់ទៅឈរនៅលេខ៥ និងមានចាញ់ Roma ១ពិន្ទុដែលឈរនៅលេខ៤ ក្នុងកៅអី UEFA Champions League ផងដែរ៕