(ភ្នំពេញ)៖ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ កីឡាការិនីពហុជំនាញ នៅ ស្រីពៅ ក៏បានផ្លាស់ប្ដូរពីការប្រមូលផ្ដុំហ្វឹកហាត់ ក្នុងជម្រើសជាតិប្រដាល់សកល មកប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជាវិញហើយ ដើម្បីសម្រួចទិសដៅត្រៀមស៊ីហ្គេម និងស្វែងរកឱកាសប្រកួតលើឆាកអន្ដរជាតិឲ្យបានច្រើន។

នៅ ស្រីពៅ ត្រូវបានមហាជនស្គាល់ខ្លាំងកាលពីឆ្នាំ២០១៩ អំឡុងពេលនាងបានប្រើជំនាញវ៉ៃឈរយ៉ាងល្អឥតខ្ចោះ ដើម្បីទទួលបានជ័យជម្នះលើកីឡាការិនីថៃ Rika Ishige ក្នុងព្រឹត្តិការណ៍ ONE: Clash of Legends នៅទីក្រុងបាងកក មុនកីឡាការិនីវ័យ ២៥ឆ្នាំរូបនេះ ធ្វើពុំសូវបានល្អក្នុងការប្រកួត ២លើកចុងក្រោយ ដោយចាញ់កីឡាការិនីឥណ្ឌូនេស៊ី កាលពីចុងឆ្នាំ២០១៩ និងចាញ់កីឡាការិនីឥណ្ឌា កាលពីចុងឆ្នាំ២០២០។

បន្ទាប់ពីបរាជ័យក្នុងការប្រកួតលក្ខណៈគុនចម្រុះអន្តរជាតិ ២លើកចុងក្រោយលើសង្វៀនលំដាប់អន្ដរជាតិ នៃស្ថាប័ន ONE កីឡាការិនីដ៏លេចធ្លោររបស់កម្ពុជារូបនេះ ក៏បានផ្តោតលើប្រដាល់សកលជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ចេញទៅប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំ២០២១។ តែចុងក្រោយនេះ នាងក៏សម្រេចចិត្តចាប់អាជីពឃីកបុកស៊ីង ដែលគ្រប់គ្រងដោយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាវិញ។

ជុំវិញការផ្លាស់ប្ដូរពីការប្រមូលផ្ដុំជម្រើសជាតិប្រដាល់សកល មកចាប់អាជីពប្រដាល់ឃីកបុកស៊ីងនេះ នៅ ស្រីពៅ បានប្រាប់ថា នាងពិតជាចាប់យកអាជីពប្រដាល់ឃីកបុកសីងមែន ពីព្រោះជំនាញនេះមានសក្តានុពល និងមានទីផ្សារអន្តរជាតិច្រើន ប៉ុន្តែមិនមែនមានន័យថា នាងចោលអាជីពគុនចម្រុះ ឬសកលទាំងស្រុងនោះទេ។

ស្រីពៅ បាននិយាយថា «ខ្ញុំហាត់ប្រដាល់ឃីកបុកសីងជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមទៅស៊ីហ្គេមចុងឆ្នាំនេះនៅប្រទេសវៀតណាម។ ជាពិសេសវាមានទីផ្សារសេរី បើហាត់នៅសកល ខ្ញុំបានវ៉ៃតែសកលទេ តែអត់បានវ៉ៃអីផ្សេង តែខ្ញុំចូលឃីកបុកសីង ខ្ញុំអាចវ៉ៃបានច្រើនគឺឃីកបុកសីង គុនខ្មែរ ឬ MMA ជាដើម។ អីចឹង ខ្ញុំចេញទៅវ៉ៃនៅក្រៅប្រទេសស្រួល»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ នេះ ក៏មានប្រភេទកីឡាឃីកបុកស៊ីងផងដែរ ស្របពេលបច្ចុប្បន្នសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ នៅកីឡដ្ឋានស្ដាតចាស់ ដើម្បីសម្រួចទិសដៅឆ្ពោះទៅចូលរួមប្រកួតស៊ីហ្គេមនាចុងឆ្នាំនេះផង និងត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ធ្វើជាម្ចាស់ផ្ទះផង៕