(បរទេស)៖ បើនិយាយពីតារាចម្រៀងរ៉េបលំដាប់ពិភពលោក ដែលមានប្រាក់ច្រើនសន្ធឹកសន្ធាប់ ទស្សនិកជនដែលនិយមស្តាប់បទរ៉េបបរទេស ប្រាកដជាចង់ដឹងហើយថា តើតារាក្នុងដួងចិត្តរបស់ខ្លួន ឈរនៅលេខរៀងទីប៉ុន្មាន? ត្បិតថាប្រាក់របស់ពួកគេឡើងចុះៗ អាស្រ័យលើមុខរបរសិល្បៈ និងការវិនិយោគរបស់ពួកគេក្តី ដែលថ្មីៗនេះ មានរបាយការណ៍មួយ ដែលនិយាយពីកំពូលតារារ៉េបទាំង១០ មានប្រាក់ច្រើនជាងគេលើពិភពលោក នៅដើមឆ្នាំ២០២១។

ថ្ងៃនេះ Fresh News Plus សូមលើកយកតារារ៉េបទាំង១០ ដែលមានប្រាក់ច្រើនជាងគេ លើពិភពលោក៖

១០៖ តារារ៉េប Snoop Dogg៖ មានប្រាក់សរុបចំនួន ១៣៥លានដុល្លារអាមេរិក។ ក្រៅពីធ្វើជាតារារ៉េប លោកត្រូវបានគដឹងថា ជាអ្នកជំនួញម្នាក់ផងដែរ ពោលគឺលោកមានកម្មវិធីទូរស័ព្ទវៃឆ្លាតមួយ ដែលមានឈ្មោះថា «Snoopify» អាចរកចំណូលបាន ៣ម៉ឺនដុល្លារក្នុងការលក់ប្រចាំសប្តាហ៍។

០៩៖ តារារ៉េបលោក Pharrell៖ មានប្រាក់សរុប ១៥១លានដុល្លារអាមេរិក។ កំពូលតារារ៉េបរូបនេះ ត្រូវបានគេដឹងថា ទទួលបានពានរង្វាន់ Grammys ដល់ទៅ១០ឯណោះ។ លោកក៏បានក្លាយជាគ្រូបង្វឹក ក្នុងកម្មវិធីល្បី «The Voice» ផងដែរ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ ក្រៅពីជោគជ័យផ្នែកចម្រៀងរ៉េប លោកបានសហការជាមួយក្រុមហ៊ុនបរទេស ដើម្បីបង្កើតម៉ាកផលិតនិងវត្ថុប្រើប្រាស់ផងដែរ។

០៨៖ តារារ៉េប Lil Wayne៖ មានប្រាក់សរុប ១៥៣លានដុល្លារអាមេរិក។ លោកជាតារារ៉េបម្នាក់ដែលតែងតែលក់បទចម្រៀងបានច្រើន និងជោគជ័យខ្លាំងក្នុងអាជីពសិល្បៈមួយនេះ។

០៧៖ តារារ៉េប Bridman៖ មានប្រាក់សរុប ១៦៣ លានដុល្លារអាមេរិក។ លោកគឺជាសហស្ថាបនិក នៃផលិតកម្ម Cash Money Records។ បន្ទាប់ពីជោគជ័យខ្លាំងក្នុងអាជីពមួយនេះ បច្ចុប្បន្នលោកកំពុងបន្តធ្វើការជាមួយតារាជំនាន់ថ្មីផ្សេងៗទៀត ក្នុងន័យពង្រីកវិស័យរ៉េបឲ្យកាន់តែល្បីល្បាញ។

០៦៖ តារារ៉េប Eminem៖ មានប្រាក់សរុប ២១០ លានដុល្លារអាមេរិក។ លោកក៏មានផលិតកម្មផ្ទាល់ខ្លួនដែរ ឈ្មោះថា «Shady Record»។ តារារូបនេះ ឈ្នះបានពានរង្វាន់ Grammy ចំនួន១៥ និងបានក្លាយជាតារារ៉េបដំបូងបង្អស់ដែលទទួលបាន ពានរង្វាន់ផ្នែក «Best Original Song»

០៥៖ តារារ៉េប Kanye West៖ បច្ចុប្បន្នមានប្រាក់ ២៤០លានដុល្លារអាមេរិក។ លោកគឺជាបុគ្គលជោគជ័យមួយរូបក្នុងវិស័យចម្រៀងរ៉េប។ ក្រោយមកក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនឈ្មោះថា «GOOD Music»។ West ត្រូវបានគេដឹងថា ឈ្នះពានរង្វាន់ Grammy រហូតដល់២១ឯណោះ ដែលធ្វើឲ្យលោកជាប់ឈ្មោះជាតារាដែលទទួលពានរង្វាន់បានច្រើននៅកំឡុងពេលនោះ។

០៤៖ តារារ៉េប Master P៖ បច្ចុប្បន្នមានប្រាក់សរុប ២៥០ លានដុល្លារអាមេរិក។ តារារ៉េបរូបនេះ រកលុយបានច្រើនស្ទើរមិនគួរឲ្យជឿ នៅពេលដែលគ្រប់គ្រងផលិតកម្មផ្ទាល់ខ្លួន គឺ «No Limit records» ដែលប្រមូលផ្តុំដោយតារាចម្រៀងរ៉េប នៅគ្រានោះ។ ក្រៅពីអាជីពតារារ៉េប លោកក៏ជាអ្នកជំនួញមួយរូបផងដែរ ពោលគឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន P.Miller និង ទូរទស្សន៍ Better Black Television។

០៣៖ តារារ៉េប Dr.Dre៖ បច្ចុប្បន្នមានប្រាក់សរុប ៨០០លានដុល្លារ។ មិនខុសពីតារារ៉េបដទៃ លោក Dre គឺមានផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា «Aftermath Entertainment» ដែលជាផ្នែកមួយធ្វើឲ្យប្រាក់ចំណូលរបស់លោកកើនឡើងជាបន្តបន្ទាប់ផងដែរ។ ក្រៅពីនោះ លោកធ្លាប់មានក្រុមហ៊ុនផ្ទាល់ខ្លួនមួយឈ្មោះថា «Beats By Dre» ប៉ុន្តែត្រូវបានក្រុមហ៊ុន Apple តិចយកកាលពីឆ្នាំ២០១៤ ក្នុងតម្លៃ ៣ពាន់លានដុល្លារអាមេរិក ដែលកាលណោះ បានធ្វើឲ្យលោកនៅលំដាប់កំពូល ក្នុងចំណោមតារារ៉េបមានប្រាក់ច្រើន។

០២៖ តារារ៉េប Diddy៖ បច្ចុប្បន្នមានប្រាក់សរុប ៨២០លានដុល្លារអាមេរិក។ តារារូបនេះក៏មានផលិតកម្មផ្ទាល់ខ្លួនមួយផងដែរ ឈ្មោះថា «Bad BOy Entertainment»។ លោកត្រូវបានគេដឹងថា មិនត្រឹមតែជាតារារ៉េបដែលមានប្រាក់ច្រើនជាងគេលំដាប់ទី៣ នោះទេ ថែមទាំងជាប់ឈ្មោះក្នុងចំណោម តន្ត្រីករមានបំផុតលើពិភពលោកទាំង១០ផងដែរ។ តារារូបនេះ មានភាពជោគជ័យខ្លាំង លើមុខជំនួញបើកក្រុមហ៊ុនលក់សម្លៀកបំពាក់និងទឹកអប់។

០១៖ តារារ៉េប Jay-Z៖ បច្ចុប្បន្នមានប្រាក់ ១ពាន់លានដុល្លារអាមេរិក។ លោកត្រូវបានគេដឹងថា ក្តោបបានពានរង្វាន់ Grammy រហូតដល់ទៅ២២ឯណោះ និងលក់ចម្រៀងបានច្រើនជាង ១០០លាន Record ប៉ុន្តែនេះគ្រាន់តែជាចំណែកតូចមួយ នៃប្រាក់ចំណូលដែលគាត់ទទួលបានពីផលិតកម្មរបស់លោក គឺ «Roc-A-Fella»។ លោកក៏ត្រូវបានគេដឹងថា ជាស្វាមីរបស់កំពូលតារាចម្រៀង Beyonce ផងដែរ។

សរុបសេចក្តីមក យើងសង្កេតឃើញថា តារារ៉េបភាគច្រើនក្នុងចំណោមទាំង១០នាក់ខាងលើ ប្រាក់ចំណូលរបស់ពួកគេ គឺរកបានតាមរយៈការងារសិល្បៈត្រឹមតែជាផ្នែកមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជំរុញឲ្យប្រាក់របស់ពួកគេកើនឡើង គឺតាមរយៈការបង្កើតមុខជំនួញផ្ទាល់ខ្លួន ដោយទទួលបានភាពជោគជ័យផ្សេងៗគ្នា៕