(ភ្នំពេញ)៖ ស្ពាន គឺជាផ្នែកដ៏សំខាន់មួយក្នុងការគាំទ្រវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិយ៉ាងសកម្មផងដែរ ជាក់ស្ដែង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឃើញថាកម្ពុជាមានការសាងសង់ស្ពានជាបន្ដបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គិតត្រឹមឆ្នាំ២០២០ ប្រទេសកម្ពុជាមានស្ពានធំៗចំនួន ២៣ កន្លែង ដែលកំពុងបម្រើដល់មធ្យោបាយធ្វើដំណើរការ និងដឹកជញ្ជូនប្រចាំថ្ងៃ ក្នុងនោះរួមមាន៖

ទី១៖ ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកលើកដែក ខេត្តកណ្ដាល ឆ្លងទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទស្ពានខ្សែកាប មានប្រវែង ២,២១៥ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី២៖ ស្ពានកោះកុង មានទីតាំងស្ថិតនៅខេត្តកោះកុង ឆ្លងកាត់ព្រែកកោះប៉ោ សណ្ដូកចេញពីក្រុងខេមរភូមិន្ទឆ្លងទៅកាន់ស្រុកមណ្ឌលសីមា ជាប្រភេទស្ពានបេតុង មានប្រវែង ១,៩០០ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។

ទី៣៖ ស្ពានមេគង្គ មានទីតាំងស្ថិតនៅខេត្ដស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងស្ទឹងត្រែងឆ្លងទៅកាន់ស្រុកថាឡាបរិវ៉ាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៧៣១ ម៉ែត្រ និងទទឹង ១៣.៤០ ម៉ែត្រ។

ទី៤៖ ស្ពានគីហ្សូណា ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្លងទៅកាន់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប្រភេទស្ពានបេតុង មានប្រវែង ១,៥០០ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

ទី៥៖ ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី៦៖ ស្ពានសេកុង មានទីតាំងស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្លងកាត់ទន្លសេកុង ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៥៧ ម៉ែត្រ និងទទឹង ១១ ម៉ែត្រ។ ស្ពាននេះចម្លងអ្នកដំណើរពីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល។

ទី៧៖ ស្ពានព្រែកព្នៅ (ស្ពានលីយ៉ុងផាត់) មានទីតាំងនៅរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេសាប សណ្ដូកចេញពីខណ្ឌព្រែកព្នៅឆ្លងទៅកាន់ខណ្ឌជ្រោយចង្វា ជាប្រភេទស្ពានបេតុង មានប្រវែង ៩៩៦ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។

ទី៨៖ ស្ពានព្រែកក្ដាម មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេសាប សណ្ដូកចេញពីស្រុកពញាឮឆ្លងទៅកាន់ស្រុកមុខកំពូល ជាប្រភេទស្ពានបេតុង មានប្រវែង ៩៨១ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី៩៖ ស្ពានកោះពស់ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ជាប្រភេទបេតុង មានប្រវែង ៩០០ ម៉ែត្រ ឆ្លងទៅកាន់កោះពស់ ស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជន។

ទី១០៖ ស្ពានទន្លេបាសាក់តាខ្មៅ ឬស្ពានសំរោង មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេបាសាក់ សណ្ដូកចេញពីក្រុងតាខ្មែរឆ្លងទៅកាន់ស្រុកកៀនស្វាយ ជាប្រភេទស្ពានបេតុង មានប្រវែង ៨៥៥ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី១១៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) មានទីតាំងនៅរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេសាប សណ្ដូកចេញពីខណ្ឌដូនពេញឆ្លងទៅកាន់ខណ្ឌជ្រោយចង្វា ជាប្រភេទស្ពានបេតុង មានប្រវែង ៧០០ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ ស្ថិតក្រោមគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ទី១២៖ ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វាថ្មី) ស្ថិតនៅទន្ទឹមស្ពានជ្រោយចង្វាចាស់ សណ្ដូកចេញពីខណ្ឌជ្រោយចង្វាឆ្លងមកកាន់ខណ្ឌដូនពេញ ជាប្រភេទស្ពានបេតុង មានប្រវែង ៧១៩ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ ស្ថិតក្រោមគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញដែរ។

ទី១៣៖ ស្ពានជ្រៃធំ មានទីតាំងស្ថិតនៅព្រំប្រទល់កម្ពុជា-វៀតណាម ឆ្លងកាត់ព្រែកជ្រៃធំ សណ្ដូកចេញពីស្រុកកោះធំ ខេត្តកណ្ដាល ប្រទេសកម្ពុជា ឆ្លងទៅកាន់ស្រុកថានឆូ (Tan Chau) ខេត្តអានយ៉ាង (An Giang) ប្រទេសវៀតណាម ជាប្រភេទស្ពានបេតុង មានប្រវែង ២១៦ ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ។

ទី១៤៖ ស្ពានកោះធំ មានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល ឆ្លងកាត់ទន្លេបាសាក់ ជាប្រភេទស្ពានបេតុង មានប្រវែង ៤១៥ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។

ទី១៥៖ ស្ពានព្រះមុនីវង្សចាស់ មានទីតាំងនៅរាជធានីភ្នំពេញ ឆ្លងកាត់ទន្លេបាសាក់ សណ្ដូកចេញពីខណ្ឌច្បារអំពៅឆ្លងមកកាន់ខណ្ឌមានជ័យ ជាប្រភេទស្ពានបេតុង មានប្រវែង ៧០០ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ ស្ថិតក្រោមគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ទី១៦៖ ស្ពានព្រះមុនីវង្សថ្មី មានទីតាំងនៅទន្ទឹមនឹងស្ពានព្រះមុនីវង្សចាស់ សណ្ដូកចេញពីខណ្ឌមានជ័យឆ្លងទៅកាន់ខណ្ឌច្បារអំពៅ ជាប្រភេទស្ពានបេតុង មានប្រវែង ៧១៩ ម៉ែត្រ និងទទឹង ១៤ ម៉ែត្រ ស្ថិតក្រោមគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញដែរ។

ទី១៧៖ ស្ពានកំពង់ថ្ម មានទីតាំងស្ថិតនៅខេត្ដកំពង់ធំ ឆ្លងកាត់ស្ទឹងជីនិត សណ្ដូកចេញពីស្រុកបារាយណ៍ឆ្លងទៅកាន់ស្រុកសន្ទុក ជាប្រភេទស្ពានដែក មានប្រវែង ៨៨.៥ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។

ទី១៨៖ ស្ពានតាំងក្រសាំង មានទីតាំងនៅស្រុកសន្ទុក ខេត្តកំពង់ធំ ឆ្លងកាត់ស្ទឹងតាំងក្រសាំង ជាប្រភេទស្ពានដែក មានប្រវែង ១០៩ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។

ទី១៩៖ ស្ពានស្ទឹងសែន មានទីតាំងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឆ្លងកាត់ស្ទឹងសែន ជាប្រភេទស្ពានដែក មានប្រវែង ១៤០ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ។

ទី២០៖ ស្ពានស្រែអំបិល មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្ដកោះកុង ឆ្លងកាត់ស្ទឹងស្រែអំបិល ជាប្រភេទស្ពានបេតុង មានប្រវែង ៤២០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។

ទី២១៖ ស្ពានអណ្ដូងទឹក មានទីតាំងស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ឆ្លងកាត់ព្រែកអណ្ដូងទឹក ឬព្រែកពីរផុត ជាប្រភេទស្ពានបេតុង មានប្រវែង ២៧០ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ។

ទី២២៖ ស្ពានត្រពាំងរូង មានទីតាំងស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង ឆ្លងកាត់ស្ទឹងត្រពាំងរូង ជាប្រភេទស្ពានបេតុង មានប្រវែង ៤៨០ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ។

ទី២៣៖ ស្ពានតាតៃ មានទីតាំងស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង ឆ្លងកាត់ស្ទឹងតាតៃ ឬស្ទឹងព្រាត់ ជាប្រភេទស្ពានបេតុង មានប្រវែង ៣០៩ ម៉ែត្រ និងទទឹង ១៣ ម៉ែត្រ៕