(មែនឆេស្ទើ)៖ ស្ថិតក្នុងលីគអង់គ្លេស Premier League កីឡាករខ្សែប្រយុទ្ធ Edinson Cavani និងខ្សែការពារកណ្តាល Eric Bailly បានកំពុងទន្ទឹងរង់ចាំចម្លើយពីថ្នាក់ដឹងនាំក្លិប Manchester United លោក Ole Gunnar Solskjaer ចំពោះពេលវេលារបស់ពួកគេជាមួយក្លិប ថាអាចបន្តឬយ៉ាងណានោះ។ នេះបើតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ វ័យ ៣៤ឆ្នាំ Cavani មានបំណងលេងនៅ Old Trafford នារដូវកាលក្រោយទៀត ប៉ុន្តែមិនទាន់អាចទទួលបានការធានាពីថ្នាក់ដឹកនាំក្លិបនៅឡើយទេ ខណៈខ្សែការពារវ័យ ២៦ឆ្នាំ Bailly ក៏កំពុងរង់ចាំការសម្រេចរបស់លោក Ole ដូចគ្នាចំពោះភាពជាក់លាក់មួយ ក្នុងនាមជាកីឡាករស្ថិតក្នុងជម្រើសទី២ នាពេលបច្ចុប្បន្ន។

គួររំលឹកផងថា Edinson Cavani ត្រូវបាន Man Utd នាំយកពីក្លិបបារាំង PSG ដែលមានកិច្ចសន្យាទទួលថ្លៃពលកម្ម ៩លានផោនក្នុង ១ឆ្នាំ នៅពេល Eric Bailly សញ្ជាតិកូឌីវ័រ បានចំណាយពេលលេងនៅ Old Trafford ចាប់តាំងពីឆ្នាំ២០១៦ មក ដោយបង្ហាញខ្លួនបាន ៦២ប្រកួត និងទើបតែលេងបាន ៨ប្រកួតប៉ុណ្ណោះរដូវកាលនេះ៕