(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រកួតបាន ១សប្ដាហ៍នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសការប្រកួតសប្ដាហ៍ទី២ នឹងមានការលើកពេល ២ប្រកួត ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។

កម្មវិធីប្រកួត ២គូដែលត្រូវបាន CNCC សម្រេចលើកពេលការប្រកួតក្នុងសប្ដាហ៍ទី២ គឺក្រុមវិសាខា ជួបនគរបាលជាតិ ដែលគ្រោងប្រកួតនាថ្ងៃទី១៣-មីនា ត្រូវលើកទៅប្រកួតនាថ្ងៃទី២០ ខែមេសា ខណៈក្រុមណាហ្គាវើលដ៏ ប៉ះកងយោធពលខេមរភូមិន្ទ ដែលត្រូវប្រកួតនាថ្ងៃទី១៤-មីនា ត្រូវលើកទៅប្រកួតនាថ្ងៃទី២០ ខែមេសាដូចគ្នា។

ប្រភពខាងលើបានបញ្ជាក់ថា យោងតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលបន្ដ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏សម្រេចធ្វើការកែសម្រួលការប្រកួត ២គូក្នុងសប្ដាហ៍ទី២ នេះតែម្ដង។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជាបានបើកការប្រកួតរដូវកាលថ្មី ឆ្នាំ២០២១ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមាន ១២ក្លិប បានឆ្លងកាត់ ១ប្រកួត លើកលែងក្លិបព្រះខ័នរាជស្វាយរៀង ដែលមិនទាន់បានប្រកួត។ ចំពោះក្រុមរកបាន ៣ពិន្ទុមុនគេ រួមមានភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ, អគ្គិសនីកម្ពុជា និងក្លិបណាហ្គាវើលដ៏៕