(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ី បានប្តឹងប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន៥ ពីបទមិនលុបការបង្ហោះមាតិកា ដែលជម្រុញឲ្យក្មេងចូលរួមក្នុងការប្រឆាំងតវ៉ាខុសច្បាប់, នេះបើតាមការបញ្ជាក់ពីតុលាការម៉ូស្គូ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Interfax នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ។
ប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter, Google និង Facebook ក្នុងមួយក្រុមហ៊ុន ទទួលបានការប្តឹង៣ករណី, ជាមួយនឹងការបំពាន របស់ក្រុមហ៊ុននីមួយៗ ដែលត្រូវដាក់ទោស ដោយការពិន័យប្រាក់ រហូតដល់៤លានរូប៉ល (ប្រមាណ៥៤,០០០ដុល្លារអាមេរិក) ហើយករណីនេះ ក៏ត្រូវបានប្តឹងទៅលើក្រុមហ៊ុន Tiktok និង Telegram ផងដែរ។
ករណីប្តឹងនេះ បានកើតឡើងបន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេស ស្តីពីការសម្រេចដាក់ពន្ធនាគារ រយៈពេល៣០ខែ កាលពីខែមុន លើ លោក Alexei Navalny ជាអ្នករិះគន់មួយរូប លើលោកប្រធានាធិបតី Vladimir Putin។
ករណីប្តឹងលើក្រុមហ៊ុន Google, Facebook និង Twitter នឹងត្រូវកាត់ក្តី នៅថ្ងៃទី២ ខែមេសាខាងមុខ៕