(ប៊ែកឡាំង)៖ គ្រូបង្វឹកដែលបានដឹកនាំឲ្យក្រុមបាល់ទាត់ជម្រើសអាល្លឺម៉ង់ ឈ្នះពានរង្វាន់ World Cup 2014 លោក Joachim Loew នឹងលាលែងចេញពីតំណែង បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship នៅខែកក្កដា ឆ្នាំ២០២១, នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់អាល្លឺម៉ង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី០៩ ខែមីនា។
Loew នឹងចុះចេញពីតំណែង មុន១ឆ្នាំនៃកិច្ចសន្យារបស់លោក ដែលបានចុះហត្ថលេខាដឹកនាំអាល្លឺម៉ង់រហូតដល់ចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Loew បាននិយាយថា «លោកពិតជាមានមោទនភាព និងការដឹងគុណយ៉ាងខ្លាំង» បន្ទាប់ពីបានធ្វើជាគ្រូបង្វឹកជម្រើសជាតិក្រុមឥន្រ្ទីដែកមួយនេះអស់រយៈពេលជិត ១៥ឆ្នាំ។
លោក Fritz Keller ប្រធានសមាគមបាល់ទាត់អាល្លឺម៉ង់បានលើកឡើងថា ការសម្រេចចិត្តរបស់លោក Loew គឺ «បានផ្តល់ឲ្យយើង នូវពេលវេលាដ៏ចាំបាច់មួយក្នុងការតែងតាំងអ្នកស្នងតំណែងរបស់លោក»។
អ្នកចាត់ការក្លិប Liverpool បច្ចុប្បន្នលោក Jurgen Klopp និងអ្នកចាត់ការក្លិប Bayern Munich លោក Hansi Flick ដែលធ្លាប់បានធ្វើជាជំនួយការរបស់លោក Loew នៅពេលដែលអាល្លឺម៉ង់ឈ្នះពាន World Cup ក្នុងឆ្នាំ២០១៤ នោះ ត្រូវបានគេលើកឡើងថា ជាអ្នកស័កិ្តសមសម្រាប់តួនាទីនេះ។
បុរសវ័យ៦១ឆ្នាំ Joachim Loew ដែលមានឈ្មោះហៅក្រៅ «Jogi» បានចូលដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០០៦។ កំណត់ត្រារបស់លោកក្នុងតួនាទីជាគ្រូបង្វឹកនេះ គឺឈ្នះ ១២០ដង ក្នុងចំណោម ១៩៨ប្រកួត ដោយស្មើ ៣៨ដង និងចាញ់ ៣១ដង៕