(តូរីន)៖ ក្រុមបាល់ទាត់ FC Porto របស់ប្រទេសព័រទុយហ្គាល់បានកក់កៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាផ្លូវការហើយដោយសារគ្រាប់ចំណេញក្រៅដី បើទោះចាញ់ម្ចាស់ផ្ទះ Juventus ក្នុងលទ្ធផល ៣-២ ក្នុងនាទីបន្ថែម ១៥នាទី ២ដងសម្រាប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយនារាត្រីថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ក៏ដោយ។

កីឡាករ Oliveira ជាអ្នកទាត់គ្រាប់ជ័យជម្នះនៅនាទី១១៥ នៅមុនពេលរកគ្រាប់នាំមុខតាំងពីនាទី១៩ ដោយបាល់ ១១ម៉ែត្រដូចគ្នា ដើម្បីនាំមុខ Porto ឡើងទៅកាន់វគ្គ ៨ក្រុមជាបន្តទៀតជាមួយ Borussia Dortmund បើទោះបីជាបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ សម្រាប់ជើងទី២ នាយប់នោះដូចគ្នា នៅពេលពួកគេឈ្នះ ៣-២ កាលពីជើងទី១ នៅទឹកដី Sevilla។

កីឡាករខ្សែការពារ Merih Demiral បានបង្កកំហុសដែលធ្វើឲ្យកីឡាករ Mehdi Taremi របស់ Porto ដួលក្នុងប្រអប់គ្រោះថ្នាក់ដែលធ្វើឲ្យបាល់ប៉េណាល់ទីកើតមានឡើងក្នុងនាទីបន្ថែម ១៥នាទី២ដងនៅកីឡដ្ឋាន Aliianz Stadium នៅពេលបញ្ចប់ក្នុងលទ្ធផល ២-១ ក្នុងម៉ោងធម្មតា ៩០នាទី ស្មើគ្នាដូចកាលជើងទី១ នៃវគ្គ ១៦ក្រុមនៅប្រទេសព័រទុយហ្គាល់នាខែមុន។

កីឡាករខ្សែប្រយុទ្ធ Federico Chiesa ដែលទិញពីក្លិប Fiorentina ជាអ្នករកបានទាំង ២គ្រាប់ឲ្យសេះបង្កង់ Juventus នៅនាទី៤៩ និងនាទី៦៣ នៅពេលក្រុមភ្ញៀវ FC Porto នៅសល់សមាជិកតែ ១០នាទីចាប់ពីនាទី៥៤មក ដោយសារ Taremi ទទួលបានកាតលឿង ២ដង ស្មើនឹងកាតក្រហមបណ្តេញចេញពីទីលាន។

គួរបញ្ជាក់ផងថា នេះជាការជ្រុះចេញពីពានរង្វាន់អឺរ៉ុប UEFA Champions League ដ៏លឿនបំផុតលើកទី២ របស់ក្រុមជើងឯកមកពីអ៉ីតាលី ស្ថិតក្រោមការបង្វឹករបស់លោក Andrea Pirlo សមាជិកជួយអ៉ីតាលីឈ្នះពាន World Cup 2006 ដែលពុំធ្លាប់មានបទពិសោធដឹកនាំក្លិបណាមួយឡើយពីមុនមក៕