(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចរៀបចំព្រឹត្តិការណ៍កីឡា Tokyo Olympics and Paralympic Games នៅរដូវក្តៅនេះ ដោយមិនមានអ្នកទស្សនាផ្ទាល់មកពីក្រៅប្រទេសនោះទេ ដោយសារតែមានការព្រួយបារម្ភពីប្រជាជនក្នុងស្រុក អំពីជំងឺ COVID-19 នេះបើយោងតាមសារព័ត៌មាន Kyodo ចុះផ្សាយនាថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

Kyodo បានឲ្យដឹងថា រដ្ឋាភិបាលបានកំណត់ថា ការស្វាគមន៍អ្នកគាំទ្រពីបរទេស នឹងមិនអាចធ្វើទៅបាននោះទេ ដោយសារការព្រួយបារម្ភជាសាធារណៈ អំពីមេរោគនេះ និងការរកឃើញករណីឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសជាច្រើននាពេលបច្ចុប្បន្ន។

ព្រឹត្តិការណ៍កីឡាចម្រុះ Summer Olympic Games លើកទី៣២ ដែលបានពន្យារពេលកាលពីឆ្នាំទៅនេះ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនតែមួយគត់៕