(ដកម៉ាន់)៖ ខ្សែប្រយុទ្ធ Erling Haaland រកបាន ២គ្រាប់នាំមុខភ្លាមៗ ដើម្បីជួយក្រុមអាល្លឺម៉ង់ Borussia Dortmund ឆ្ពោះទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League ជាបន្តទៀត ទោះបីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ក្នុងជើងទី២ ទល់នឹង Sevilla ក៏ដោយ។

Haaland បន្តរកបានគ្រាប់បាល់ទី១៩ និងទី២០ របស់គេនៅ UCL នៅពេលកីឡាករសញ្ជាតិន័រវេសរូបនេះក៏រកបាន ៣គ្រាប់ហែតទ្រីកផងដែរ ពេលយកឈ្នះម្ចាស់ផ្ទះ Sevilla ៣-២ កាលពីជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយនៅប្រទេសអេស្ប៉ាញ។

ដូចគ្នានោះដែរ Borussia Dortmund បានឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃ UCL ជាលើកទី២ គិតចាប់តាំងពីរដូវកាល ២០១៦-២០១៧ នៅមុនពេលការចាប់ឆ្នោតជ្រើសរើសគូប្រកួតបន្តដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ។

ក្នុងជំនួបដ៏ស្វិតស្វាញក្នុងជើងទី២ Sevilla ដែលដឹកនាំដោយលោក Julen Lopetegui មិនអស់សង្ឃឹមឡើយ ដោយខំលេងរហូតវាយបកបាន ២គ្រាប់មកវិញពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ En-Nesyri នៅនាទី៦៨ និងនាទី៩០+៦ នៅមុនពេលហាលអាវត្រឡប់ទៅផ្ទះវិញ ក្នុងនាមជាក្រុមជើងឯកពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន៕