(បរទេស)៖ តារាចម្រៀងល្បីលំដាប់ពិភពលោកជាច្រើនដូចជា Taylor Swift, Billie Eilish, Dua Lipa, BTS, Harry Styles, Cardi B និង Magan Thee Stallion នឹងបង្ហាញវត្តមានសម្តែង ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំរបស់ភិពលោក លើកទី៦៣ «Grammy Awards» ដែលត្រូវបានធ្វើឡើងនៅ Los Angeles Staples Center ក្រោមបរិបទកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី១០ខែមីនា ឆ្នាំ២០២១។
ជាការកត់សម្គាល់ ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Grammys នៅក្នុងឆ្នាំនេះ គឺគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ដើមឆ្នាំ២០២១ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារតែមានករណីកូវីដ-១៩កើនឡើងខ្លាំង នៅទីក្រុង Los Angeles។ តែយ៉ាងណា នៅពេលនេះ កម្មវិធីមួយនេះ ត្រូវបានប្រកាសរៀបចំក្នុងការបរិច្ឆេទថ្មី គឺថ្ងៃទី១៤ ខែមីនា ខាងមុខនេះ តាមរយៈការផ្សាយផ្ទាល់ចេញពីស្ថានីយទូរទស្សន៍ CBS និងនៅលើ Paramount+ ជាពិសេសគឺនឹងធ្វើការផ្សាយផ្ទាល់ចេញពីកម្មវិធីថ្មីមួយទៀត គឺ ViacomCBS ដែលទើបតែចាប់ផ្តើមដាក់ឲ្យដំណើរការនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជំនួសទូរទស្សន៍ CBS។
តែយ៉ាណា អ្នកដែលត្រូវចូលរួមផ្ទាល់ គឺមានការកំណត់វត្តមាន ត្បិតដើម្បីរក្សាគម្លាតសង្គម ក្នុងកាលៈទេសៈជំងឺរាតត្បាតសាកលកូវីដ-១៩នេះ។ ការរៀបចំ Show មួយនេះ ត្រូវបានគេដឹងថា នឹងក្លាយជាការសាកល្បងចុងក្រោយ សម្រាប់ការប្រគល់ពានរង្វាន់មួយនេះ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩។ ជាក់ស្តែង កម្មវិធី «The Golden Globes» ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺទទួលបានផលមិនសូវល្អទៅហើយ ពោលគឺមានអ្នកទស្សនាត្រឹមតែ ៦២ភាគរយ បើប្រៀបធៀបចំនួនអ្នកចូលទស្សនាកាលពីឆ្នាំមុន៕