(អាមេរិក)៖ កំពូលមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបំផុតនៅលើផែនដី លោក Jeff Bezos បានប្រកាសតែងតាំងលោក Andrew Steer អតីតប្រធានវិទ្យាស្ថានធនធានពិភពលោក (World Resources Institute) ឱ្យកាន់តំណែតជាប្រធាន និងនាយកប្រតិបត្តិ របស់ លោក ដែលមានឈ្មោះថា Bezos Earth Fund ជាមួយនឹងកញ្ចប់ទឹកប្រាក់មូលនិធិ ១០ពាន់លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មូលនិធិ Bezos Earth Fund ត្រូវ បានបង្កើតឡើងកាលពីឆ្នាំមុន ដោយក្នុងនោះលោក Jeff Bezos ដែលត្រូវគេដឹងថាជាមេធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon បានប្ដេជ្ញាចិត្តដាក់បញ្ចូលទឹកប្រាក់ ១០ពាន់លានដុល្លារ ដើម្បីបម្រើដល់វិស័យវិទ្យាសាស្ត្រ សកម្មភាពមិនរកប្រាក់ចំណេញ និង សកម្មភាពមួយចំនួន ដែលបម្រើដល់ផលប្រយោជន៍ពិភពលោក។

លោក Bezos បាននិយាយថា មូលនិធិនេះ គឺផ្ដោតសំខាន់លើការការពារបរិស្ថាន និងការទប់ស្កាត់នូវការបម្រែបម្រួលអាកាសធាតុនៅលើ ផែនដី ហើយមូលហេតុដែលលោកបានជ្រើសរើស លោក Andrew Steer ក៏ព្រោះតែគាត់មានបទពិសោធន៍ និង មានជំនាញ ជាពិសេស គឺ ជា មនុស្សដែលមានគោលដៅដូចគ្នា។

ទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិកនេះ នឹងយកទៅបង្កើតនូវបច្ចេកវិទ្យា ដើម្បីយកមកប្រើក្នុងការការពារបរិស្ថាន និងការបម្រែបម្រួល អាកាសធាតុ។

គួរបញ្ជាក់ផងដែរថា លោក Jeff Bezos បានលាលែងពីតំណែងនាយកប្រតិបត្តិ Amazon កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ លោក បានប្រកាសថា នឹងងាកមកពង្រឹងលើមូលនិធិរបស់លោកវិញ ដោយក្នុងនោះមានមូលនិធិចំនួន ៣ គឺ Day 1 Fund, Bezos Earth Fund និង Blue Origin ដែលសុទ្ធសឹងបម្រើដល់ផលប្រយោជន៍មនុស្សជាតិ៕