(លីវើភូល)៖ លោក Jurgen Klopp ដែលកំពុងដឹកនាំក្លិបអាជីព ហង្សក្រហម Liverpool បានប្រកាសដកខ្លួនពីការចូលកាន់តំណែងគូ្របង្វឹកនៃក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ នៅក្រោយពេលលោក Joachim Loem លាឈប់នៅចុងបញ្ចប់ព្រឹត្តិការណ៍ UEFA Euro 2020 ខាងមុខនេះ។
បុរសវ័យ ៥៣ឆ្នាំខាងលើនេះបានថ្លែងប្រាប់ BBC ថា «តើខ្ញុំពិតជាអាចទៅរួចឬ ក្នុងការចូលកាន់តំណែងក្រុមជម្រើសជាតិអាល្លឹម៉ង់នៅរដូវក្តៅខាងមុខ? ខ្ញុំគិតថា មានអ្នកផ្សេងទៀតជាច្រើនដែលស័ក្តិសមកាន់តំណែងនេះជាងខ្ញុំ ហើយក៏រំពឹងថា សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ FA ក៏ស្វែងរកដំណោះស្រាយបានល្អជាងនេះផងដែរ»។
លោក Jurgen Klopp បានឈានជើងមកកាន់ទឹកដី Anfield ដើម្បីដឹកនាំ Liverpool នៅអំឡុងខែតុលា ឆ្នាំ២០១៥ ក្រោយពេលមានបទពិសោធដឹកនាំក្លិបនៅស្រុកកំណើត Mainz 05 និង Borussia Dortmund ផងនោះ។
ក្នុងការធ្វើការនៅអង់គ្លេសជាង ៦ឆ្នាំមកនេះ លោក Jurgen Klopp បានដឹកនាំ Liverpool ឈ្នះជើងឯក UEFA Champions League ក្នុងឆ្នាំ២០១៩ ម្តង និងពាន Premier League មកវិញនៅឆ្នាំ២០២០ ក្រោយខកខានគិតចាប់តាំងពីឆ្នាំ១៩៩០ មក ជាហេតុធ្វើឲ្យ FA របស់អាល្លឺម៉ង់ចាប់អារម្មណ៍ និងចង់យករូបលោកទៅជំនួសកៅអីលោក Joachim Loew ដែលដឹកនាំបាន ១៥ឆ្នាំមកនេះ៕