(ភ្នំពេញ)៖ បន្ទាប់ពីបានបង្ហាញខ្លួនក្នុងសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Eliel Da Cruz បានសម្ដែងការសប្បាយចិត្តដែលបានត្រឡប់មកលេងនៅកម្ពុជាវិញ តែខ្លួនមិនពេញចិត្តចំពោះលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង នោះឡើយ ដ្បិតគេយល់ថា អង្គរថាយហ្គឺរស័ក្តិសមនឹងទទួលបាន ៣ពិន្ទុពេញពីការប្រកួតនេះ។
កីឡាកររកបាន ១គ្រាប់ដំបូងក្នុងជំនួបបើករដូវកាលថ្មីឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះបាននិយាយថា «ជាដំបូងខ្ញុំចង់និយាយម្ដងទៀតថា ខ្ញុំពិតជារីករាយ ដែលបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មី។ ខ្ញុំពិតជាសប្បាយចិត្តដែលរកបានមួយគ្រាប់អោយថាយហ្គឺរនៅប្រកួតដំបូង ប៉ុន្តែខ្ញុំក៏មិនសប្បាយចិត្តផងដែរព្រោះពួកយើងស័ក្តិសមនឹងទទួលបានជ័យជម្នះទល់នឹងព្រៃវែង»។
អតីតខ្សែប្រយុទ្ធក្លិបវិសាខា Da Cruz បន្តថា «ក្នុងការប្រកួតនេះ ខ្ញុំមិនទាន់ពេញលេញ ១០០% នៅឡើយទេ ព្រោះមុនប្រកួត ២ថ្ងៃ ខ្ញុំបានរបួសដៃធ្ងន់ធ្ងរ (ក្នុងអំឡុងពេលហ្វឹកហាត់) ប៉ុន្តែក៏សូមអរគុណដល់ព្រះជាម្ចាស់ ដែលខ្ញុំអាចចូលលេងបាន និងជួយមិត្តរួមក្រុម។ នេះគ្រាន់តែជាប្រកួតដំបូងប៉ុណ្ណោះ យើងនឹងខិតខំឲ្យកាន់តែខ្លាំង ដើម្បីផ្ដល់ភាពរីករាយជូនដល់ក្រុមគ្រួសារបាល់ទាត់អង្គរថាយហ្គឺរ»។
គួរដឹងថា ក្រោយរកបាន ១ពិន្ទុពីក្រុមចំណូលថ្មីខេត្តព្រៃវែង អង្គរថាយហ្គឺរ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមកំពុងឡើងជើងគិរីវង់សុខសែនជ័យវិញម្ដង ក្នុងសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ដែលជាការប្រកួតបិទទ្វារ មិនឲ្យអ្នកគាំទ្រចូលទស្សនាដូចការប្រកួតផ្សេងៗទៀតដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា៕