(កូរ៉េ)៖ តារាចម្រៀងល្បីម្នាក់របស់កូរ៉េខាងត្បូង លោក Yunho ដែលជាសមាជិកក្រុម TVXQ ត្រូវបានប៉ូលីសហៅទៅសាកសួរ បន្ទាប់ពីបានរំលោភច្បាប់គោចរ ដែលត្រូវបានបង្កើត ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Herald នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ប៉ូលីសទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា តារាចម្រៀង Jung Yun-ho ត្រូវបានចោទប្រកាន់ពីបទរំលោភ លើបទបញ្ញត្តិនៃច្បាប់គ្រប់គ្រង និងរក្សាគម្លាតសង្គម ដោយសារតែលោកបានចូលទៅក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងសេអ៊ូល នៅវេលាម៉ោង១០យប់។ ទន្ទឹមគ្នានេះ ស្របតាមស្មារតីនៃច្បាប់រក្សាគម្លាតសង្គមរបស់កូរ៉េ ដែលចូលជាធរមាននៅថ្ងៃទី១៥ ខែកុម្ភៈ ថ្មីៗនេះ គឺមិនអនុញ្ញាតឲ្យមានការចូលក្នុងភោជនីយដ្ឋាន និងហាងកាហ្វេ នៅតំបន់សេអ៊ូលឡើយ ចាប់ពីវេលាម៉ោង១០យប់តទៅ។

ពាក់ព័ន្ធករណីនេះ SM Entertainment បានចេញសារអំពីករណីសិល្បកររបស់ខ្លួន គឺលោក Yunho ដោយសារសុំការអភ័យទោស ចំពោះការបណ្តាលឲ្យមានការព្រួយបារម្ភ ចំពោះស្ថានភាពនេះ ស្របពេលដែលមនុស្សជាច្រើនកំពុងមានការពិបាក ដោយសារតែកូវីដ-១៩។ SM បានលើកឡើងថា «យើងក៏សូមអភ័យទោសផងដែរ ដែលមិនបានគ្រប់គ្រង និងណែនាំសិល្បកររបស់យើង ឲ្យបានហ្មត់ចត់ ដើម្បីអនុវត្តន៍តាមគោលការណ៍គម្លាតសង្គម នៅក្នុងពេលវេលាផ្ទាល់ខ្លួនរបស់គាត់»

ងាកមកសាមីខ្លួនផ្ទាល់វិញ គឺលោក Yunho ហាក់សម្តែងការសោកស្តាយពីកំហុសខ្លួនឯង ដែលបានបង្កឲ្យមនុស្សជាច្រើនមានការខកចិត្ត ចំពោះភាពធ្វេសប្រហែសមួយភ្លែតរបស់រូបគេ៕