(អាមេរិក)៖ បើទោះបីជាមានអ្នកប្រើប្រាស់ជាច្រើនបានប្ដូរទៅប្រើកម្មវិធីផ្សេងក្ដី ក៏ WhatsApp នៅតែបន្តអភិវឌ្ឍន៍ និងបង្កើតនូវអ្វីដែលថ្មី ហើយជាពិសេសគឺការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពអ្នកប្រើប្រាស់។
យោងតាមចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន WhatsApp កំពុងតែធ្វើការវិវឌ្ឍន៍ទៅលើប្រព័ន្ធសុវត្ថិភាព ដោយអ្នកប្រើប្រាស់អាចធ្វើការចាក់សោរនូវសារ ដែលបានឆាត ការពារពីការលួចអានពីអ្នកទទៃ។
មានន័យថា រាល់សារទាំងអស់ដែលអ្នកបានឆាត គឺត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យដ៏មានសុវត្ថិភាព ហើយជាពិសេសគឺលោកមានសិទ្ធិក្នុងការចាក់សោរសារណាមួយ ឬច្រើនបានតាមចិត្ត ដើម្បីជៀសវាងការលួចអានពីអ្នកដទៃ បើទោះបីជាគេមានទូរស័ព្ទដៃរបស់លោកអ្នកក៏ដោយ ក៏មិនអាចឆែកសាររបស់អ្នកបានដែរ។
តាមរយៈប្រភពខាងលើបានឱ្យដឹងថា មុខងារថ្មីនេះ នឹងត្រូវដាក់ឲ្យប្រើសម្រាប់ប្រព័ន្ធដំណើរការ iOS និង Android ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះផងដែរ ក៏មានព័ត៌មានលេចឮថា WhatsApp នឹងដាក់បង្ហាញមុខងារថ្មីមួយទៀតគឺ លុចសារដោយស្វ័យប្រវត្តិនៅក្នុងរយៈពេល ២៤ម៉ោង ។ មានជ័យថា សារដែលបានផ្ញើចេញនឹងលុបចោលវិញក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែមុខងារទាំងនេះ គឺសុទ្ធតែតម្រូវឲ្យអ្នកប្រើប្រាស់ ជាអ្នកកំណត់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពី WhatsApp ធ្វើការផ្លាស់ប្តូនូវគោលការណ៍ថ្មី ដោយតម្រូវឲ្យអ្នកប្រើប្រាស់ចែករំលែកទិន្នន័យជាមួយ Facebook នោះ ក៏ផ្ទុះឡើងនូវការឈប់ប្រើ WhatsApp ព្រោះតែពួកគេមិនពេញចិត្តនឹងគោលការណ៍ថ្មីនេះ និងបានលើកឡើងថា វាជាការរំលោភលើសិទ្ធិបុគ្គល៕