(ភ្នំពេញ)៖ យោងតាមការជូនដំណឹងរបស់ក្លិបកីឡាបាល់ទាត់វិសាខា បន្ទាប់ពីរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ធ្លាប់មានប្រវត្តិមកកីឡដ្ឋានព្រីនស៍ ក្លិបបានធ្វើការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំធ្វើតេស្ដសំណាក ដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាកររបស់ខ្លួនសរុបចំនួន ១៦៦នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ខណៈលទ្ធផល នៃការធ្វើតេស្ដលើកទី១ គឺអវិជ្ជមានទាំងអស់។

ជុំវិញការប្រកាសលទ្ធផលធ្វើតេស្ដសំណាករកជំងឺកូវីដ-១៩ លើកទី១ របស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ គឺក្រោយ ១ថ្ងៃ បន្ទាប់ពីវិសាខា បើកទ្វារផ្ទះស្វាគមន៍សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) ក្នុងជំនួបបើករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃទី០៧ ខែមីនាចុងសប្ដាហ៍កន្លងទៅ។

ប្រភពខាងលើបានបញ្ជាក់ថា «ជាលទ្ធផលផ្ដល់ដោយមន្ទីរពិសោធន៍ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ការធ្វើតេស្ដសំណាកលើកទី១ គឺអវិជ្ជមានទាំងអស់ចំនួន ១៦៦នាក់។ ក្លិបកីឡាបាល់ទាត់ វិសាខា នៅតែបន្ដអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការធ្វើចត្ដាឡីស័ក រស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ មិនចេញក្រៅ និងចៀសវាងការជួបជុំផ្សេងៗ ដើម្បីរង់ចាំការធ្វើតេស្ដសំណាកលើកទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ខាងមុខ»។

ក្លិបវិសាខា បានថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមរបស់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់ ដែលបានចូលរួមធ្វើតេស្ដសំណាកលើកទី១ ហើយក្លិបសង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងអស់គ្នានោះ នឹងបន្ដគោរពតាមវិធានការក្រសួងសុខាភិបាល ពិសេសសូមរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្ដ្រជាដើម រហូតដល់ថ្ងៃធ្វើតេស្ដសំណាកលើកទី២ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សូមរំឮកថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលធ្លាប់ទៅកីឡដ្ឋានព្រីនស៍ គឺអ្នកនាង កែវ ច័ន្ទនិមល ដែលបច្ចុប្បន្ន អ្នកនាង រួមទាំងស្វាមី និងកូនស្រី កំពុងសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke បន្ទាប់ពីគ្រួសាររបស់អ្នកនាង ធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្មីៗ ។ ពិធីការិនីដ៏ល្បីរូបនេះ បន្ដថា អ្នកនាងបានឆ្លងជំងឺនេះ ពីអ្នកដឹកនាំថតស្ពតឈ្មោះ ទីតូ អំឡុងថ្ងៃទី២៧-២៨ ខែកុម្ភៈ ពេលថតស្ពតវីដេអូអប់រំ ស្ដីពីការការពារជំងឺកូវីដ-១៩ នៅក្លិបបាល់ទាត់វិសាខា(កីឡដ្ឋានព្រីនស៍) រហូតដល់ថ្ងៃទី៨-មីនា ទើបដឹងថា ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ-១៩៕