(អាមេរិក)៖ ក្រុមហ៊ុន Google បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងត្រួតពិនិត្យឡើងវិញនូវដំណើរការផ្សាយពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនទូរគមនាគមន៍ ដែលគាំទ្រដោយយោធាមីយ៉ាន់ម៉ា និងបានបញ្ឈប់ដំណើរការគណនីមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងយោធា នៅលើសេវាកម្មរបស់ខ្លួន ក្រោយមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។

សកម្មភាពរបស់ Google បានធ្វើឡើងចំពេលដែលក្រុមសកម្មជន បានអំពាវនាវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិកនេះ ធ្វើការរឹតត្បិតការចូលប្រើប្រាស់សេវាកម្មរបស់ខ្លួន បន្ទាប់ពីមានមនុស្សរាប់សិបនាក់បានស្លាប់ ក្រោយពីការតវ៉ាអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងការធ្វើរដ្ឋប្រហារយកអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ។

«យើងបានចាត់វិធានការប្រឆាំងនឹងគណនី នៅលើទម្រង់របស់យើង ក្នុងនោះរួមទាំងការបញ្ឈប់គណនី នៅលើសេវាកម្ម Google និងបិទឆានែល YouTube មួយចំនួន និងវីដេអូ ដែលពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា», នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន Google បានឆ្លើយនឹងសំណួររបស់សារព័ត៌មាន Reuters។ អ្នកនាំពាក្យបន្ថែមថា «អាទិភាពរបស់យើង គឺជួយប្រជាជនមីយ៉ាន់ម៉ា ចូលទៅកាន់ព័ត៌មាន និងទំនាក់ទំនងគ្នាដោយសុវត្ថិភាព»។

គួរបញ្ជាក់ថា អ្នកតវ៉ាជាង៦០នាក់ត្រូវបានសម្លាប់ និងប្រមាណ១,៩០០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីរដ្ឋប្រហារ, នេះបើតាមការបញ្ជាក់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស៕