(អាមេរិក)៖ ក្រុមហ៊ុន Apple បានឱ្យដឹងនៅថ្ងៃពុធថា ខ្លួននឹងបង្កើតមជ្ឈមណ្ឌបច្ចេកវិទ្យាធំមួយ ដែលមានឈ្មោះថា silicon design centre នៅក្នុងតំបន់អឺរ៉ុប ស្ថិតនៅទីក្រុងMunich ប្រទេសអាល្លឺម៉ង់ ជាមួយនឹងទឹកប្រាក់វិនិយោគជាង ១ពាន់លានអឺរ៉ូ (ប្រមាណ ១,២ ពាន់លានដុល្លារ) ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុង Munich គឺជាមជ្ឈមណ្ឌលវិស្វកម្ម និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ដ៏ធំជាងគេនៅអឺរ៉ុប ដោយក្នុងនោះមានវិស្វករ ប្រមាណជិត ១៥០០នាក់ ដែលមកពីប្រទេសចំនួន ៤០ ហើយធ្វើការងារលើមុខជំនាញផ្សេងៗគ្នា។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Apple បានឱ្យថា រោងចក្រថ្មីនេះ (silicon design centre ) នឹងក្លាយជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើមុខងារច្រើនមុខ ហើយក៏ជាកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍ធំបំផុតនៅអឺរ៉ុប សម្រាប់ការបង្កើតនូវឧបករណ៍ Wireless និង Software ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple និងក្រុមហ៊ុនរចនាបន្ទះឈីបអង់គ្លេស-អាឡឺម៉ង់ Dialog Semiconductor បានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីឆ្នាំ២០១៨ ក្នុងទឹកប្រាក់ ៦០០លានដុល្លារអាមេរិក ដើម្បីបង្កើត និងរចនានូវបន្ទះឈីបថ្មី ដែលមានថាមពលអស្ចារ្យសម្រាប់ប្រើជាមួយ iPhone និងឧបករណ៍ទដៃទៀត៕