(ប៉ារីស)៖ នៅទីបំផុតក្រុមហង្សក្រហម Liverpool និង Paris Saint-Germain បានបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយដូចគ្នានៃពានរង្វាន់អឺរ៉ុប UEFA Champions League បន្ទាប់ពីទម្លាក់គូប្រជែង RB Leipzig និង FC Barcelona ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយរួចមក។

Liverpool របស់អង់គ្លេសបានបន្តធ្វើបានល្អទៀតក្នុងជើងទី២ ដោយបានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ RB Leipzig ក្នុងលទ្ធផល ២-០ ដូចកាលជើងទី១ ផងដែរក្នុងកីឡដ្ឋាន Puskas Arena ស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រីពីការធ្វើបានសម្រេចរបស់ខ្សែប្រយុទ្ធទាំងពីរ Mohamed Salah និង Sadio Mane ដើម្បីចូលរួមជាមួយ Borussia Dortmund និង FC Porto បានកំពុងរង់ចាំស្រាប់។

ដូចគ្នានោះដែរ អតីតក្រុមរងជើងឯក UEFA Champions League រដូវកាលមុន PSG របស់បារាំង ក៏បានឡើងទៅវគ្គ ៨ក្រុមដោយស្រួលផងដែរ នៅពេលលេងស្មើ ១-១ ទល់នឹងក្រុមខ្លាំង FC Barcelona ក្នុងជើងទី២ នៅរដ្ឋធានីប៉ារីស បន្ថែមលើជ័យជម្នះ ៤-១ កាលពីជើងទី១ នៅទឹកដី Catalan។

នៅពេលនេះ វគ្គ ១/៤បានរកឃើញ ៤ក្រុមហើយរួមមាន FC Porto របស់ព័រទុយហ្គាល់ Borussia Dortmund របស់អាល្លឺម៉ង់ Paris Saint-Germain របស់បារាំង និង Liverpool របស់អង់គ្លេស នៅឡើយរង់ចាំ ៤ប្រកួតដែលនឹងធ្វើការប្រកួតបញ្ចប់ជើងទី២ នាសប្តាហ៍ក្រោយ មុនពេលពិធីចាប់ឆ្នោតជ្រើសរើសគូប្រកួតបន្តនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕