(មេនឆេស្ទើ)៖ Manchester City បានបន្ថែម ៣ពិន្ទុក្នុងដីទៀត ដើម្បីបន្តគ្រប់គ្រងតំណែងកំពូលតារាង Premier League ដាច់ ១៤ពិន្ទុ ក្រោយយកឈ្នះគូប្រជែង Southampton ដល់ទៅ ៥-២ ក្នុងកីឡដ្ឋាន Etihad នារាត្រីថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។
កីឡាករខ្សែបម្រើទាំងពីរ Kavin de Bruyne និង Ryad Mahrez សុទ្ធតែចូលរួមរកបានគ្រាប់បាល់ម្នាក់ ២គ្រាប់ដូចគ្នា នៅពេល Gundogan រកបាន ១គ្រាប់ផងដែរ នៅពេលក្រុមភ្ញៀវ Southampton គម្រប់ការចាញ់លើកទី១០ ក្នុងលីគ រកបានតែ ២គ្រាប់ប៉ុណ្ណោះត្រឡប់ទៅផ្ទះវិញ។
City ដែលជាក្រុមរងជើងឯក Premier League រដូវកាលមុនផងនោះ រកបានជ័យជម្នះលើកទី២១មកវិញ ក្នុងចំណោម ២២ប្រកួតក្នុងលីគចុងក្រោយនេះ នៅពេលបរាជ័យក្រោមថ្វីជើង Manchester United ២-០ នៅកីឡដ្ឋានខាងលើដូចគ្នា កាលពីសប្តាហ៍មុន។
៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola បន្តនាំមុខដាច់ ១៤ពិន្ទុពី ៦៨ពិន្ទុរបស់ពួកគេគិតត្រឹម ២៩សប្តាហ៍នៃជើងទី២នេះ គ្រាដែលបិសាចក្រហម Man Utd ដេញតាមពីក្រោយមានតែ ៥៤ពិន្ទុប៉ុណ្ណោះ ដោយនៅសល់ ១ប្រកួតក្នុងដៃ និង Southampton កំពុងឈរនៅលេខរៀងទី១៤ ដោយមាន ៣៣ពិន្ទុ៕