(វ៉ាស៊ីនតោន)៖ យ៉ាងហោចណាស់មានក្រុម Hacker ប្រមាណជា ១០ក្រុមផ្សេងៗគ្នា បានប្រើប្រាស់ចន្លោះប្រហោង (គុណវិបត្តិ) កម្មវិធី Mail Server របស់ក្រុមហ៊ុន Microsoft ក្នុងការជ្រៀតចូលទៅកាន់គោលដៅរបស់ពួកគេជុំវិញពិភពលោក។ នេះបើយោងតាមការការបញ្ជាក់ ពី ក្រុមហ៊ុន ESET ដែលផ្ដល់សេវាកម្ម Cybersecurity។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរ Cybersecurity នៅអាមេរិក និង អឺរ៉ុប បានព្រមានដល់អ្នកប្រើប្រាស់ទាំងឡាយឱ្យមានប្រុងប្រយ័ត្ន នឹងបានស្នើដល់ក្រុមហ៊ុន Microsoft ធ្វើការព្រួតពិតិត្យទៅលើ ចន្លោះប្រយោងទាំងនោះឡើងវិញ ជាពិសេសគឺកម្មវិធី Microsoft Exchange Server ព្រោះវាបានបង្កនូវហានិភ័យដល់អ្នកប្រើប្រាស់។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុម Hacker បានប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីបិតបាំងនូវ មេរោគដែលពួកគេបានបង្កប់ជាមួយនឹង Email ដែល មេរោគទាំងនោះគឺបង្កើតឡើងក្នុងគោលដៅផ្សេងៗ តែនិយាយជារួមគឺដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រើនៅក្នុងសង្គមងងឹត ខណៈដែលនៅពេលនេះ មានអង្គភាព និងស្ថាប័នរាប់ពាន់បានរងគ្រោះដោយសារតែចន្លោះប្រហោងរបស់ Microsoft។

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ខ្លួនបានធ្វើការជួសជុល និងបិតនូវចន្លោះប្រហោងទាំងនោះរួចរាល់ហើយ ហើយក៏វាមិនកើតមានករណី ធ្ងន់ធ្ងរដូចការលើកឡើង ឬដូចសារព័ត៌មានដែលបានចេញផ្សាយផងដែរ។

ក្រុមហ៊ុន ESET បានរកឃើញថា ក្រុម Hacker ទាំងនោះភាគច្រើនគឺមានប្រភពមកពីប្រទេសចិន ដោយពួកគេបាន Hack ចូល ទៅក្នុង បណ្ដាញ Network ជាច្រើននៅជុំវិញពិភពលោកតាមរយៈចន្លោះប្រហោងរបស់កម្មវិធី Microsoft Exchange Server ក្នុងគោលដៅមួយ ដែលច្បាស់លាស់ ប៉ុន្តែពួកយើងមិនដឹងថា គោលដៅនោះគឺជាអ្វីមួយឱ្យប្រាកដនោះទេ។

ក្រោយពីមានការលើកឡើងថា Hacker ចិនជាអ្នកធ្វើរឿងនេះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់ និង បានលើកឡើងថា វាគឺជាការទម្លាក់កំហុសមួយដោយគ្មានភស្តុតាងច្បាស់លាស់៕