(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសលើកការប្រកួតសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ១ប្រកួតទៀតហើយ គឺជំនួបរវាងក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមអាស៊ីអឺរ៉ុប ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។
ការប្រកួតសប្ដាហ៍ទី២ រវាងក្រុមទាំងពីរខាងលើ ដំបូងឡើយគ្រោងប្រកួតនាថ្ងៃទី១៣ ខែមីនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន AEU Sport Park នៅតំបន់ស្វាយជ្រំ តែដោយផ្អែកលើស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្ន CNCC ក៏សម្រេចលើការប្រកួតនេះទៅប្រកួតនៅថ្ងៃទី២០ ខែមេសាវិញ។
ជុំវិញមូលហេតុនៃការលើកពេលនេះ CNCC បានបញ្ជាក់ថា យោងតាមស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលបន្ដ និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏សម្រេចធ្វើការកែសម្រួលការប្រកួតតែម្ដង។
នេះគឺជាប្រកួតទី៣ នៃសប្ដាហ៍ទី២ ហើយ ដែលត្រូវបានលើកពេលការប្រកួត បន្ទាប់ពីជំនួបរវាងក្រុមវិសាខា ប៉ះក្រុមនគរបាលជាតិ និងក្រុមណាហ្គាវើលដ៏ ប៉ះក្រុមកងយោធពលខេមរភូមិន្ទ ដែលគ្រោងប្រកួតនៅថ្ងៃទី១៣-១៤ ខែមីនានេះ ត្រូវបានលើកទៅប្រកួតនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខាងមុខដូចគ្នា។
អាស្រ័យហេតុនេះ លីគកំពូលកម្ពុជា សប្ដាហ៍ទី២ ដែលត្រូវបន្ដការប្រកួតធម្មតាចុងសប្ដាហ៍នេះ នៅសល់តែ ៣ប្រកួតប៉ុណ្ណោះ ពោលគឺក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមអគ្គិសនីកម្ពុជានៅថ្ងៃទី១៣ ខែមីនា ខណៈ ២ប្រកួតទៀត ប្រកួតនៅថ្ងៃទី១៤ ខែមីនា រួមមានខេត្តព្រៃវែង ត្រូវបន្ដបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរ និងក្រុមអង្គរថាយហ្គឺរ ក្រុមគិរីវង់ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប។
គួរបញ្ជាក់ថា បឹងកេត និងអាស៊ីអឺរ៉ុប គឺបានឆ្លងកាត់ការប្រកួតសប្ដាហ៍ទី១ រួចមកហើយ ដោយរងបរាជ័យដូចគ្នា ក្នុងនោះក្រុមនាគខៀវបឹងកេត បានចាញ់ក្រោមថ្វីជើងក្រុមភ្ញៀវណាហ្គាវើលដ៏ ១-០ ខណៈក្រុមអាស៊ីអឺរ៉ុបបានចាញ់ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ៕