(សេអ៊ូល)៖ សមាគមបាល់ទាត់កូរ៉េ (KFA) បានប្រកាសឲ្យដឹងថា ក្រុមជម្រើសជាតិផ្នែកបុរសរបស់គេ នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅក្នុងខែនេះ ដើម្បីធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ដោយវាជាផ្នែកមួយនៃការត្រៀមខ្លួនរបស់ពួកគេ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា។

កូរ៉េខាងត្បូង នឹងក្លាយជាក្រុមកីឡាអន្តរជាតិដំបូងគេ ដែលនឹងធ្វើដំណើរទៅកាន់ជប៉ុន ចាប់តាំងពីប្រទេសមួយនេះ បានរឹតបន្តឹងលើព្រំដែនរបស់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០២០។

ក្រុមទាំងពីរនឹងប្រកួតគ្នានៅពហុកីឡដ្ឋាន Yokohama International Stadium នាថ្ងៃទី២៥ ខែមីនានេះ ពោលគឺ ៤ថ្ងៃបន្ទាប់ពីការដាក់ប្រទេសក្នុងភាពអាសន្នត្រូវបានគេរំពឹងថា នឹងដកចេញពីទីក្រុងតូក្យូ និងខេត្ត៣ ដែលនៅជុំវិញនោះផងដែរ។

ការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន ត្រូវបានគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ ខែមីនា ប៉ុន្តែត្រូវបានបន្តរយៈពេល ២សប្តាហ៍ទៀត ដោយសារការគម្រាមកំហែង ពីករណីបំលែងថ្មីនៃជំងឺ COVID-19 និងអាចមានករណីឆ្លងកើនឡើងម្តងទៀត។

ទីក្រុងតូក្យូ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Olympic Games នៅខែកក្កដាដល់ខែសីហា បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានពន្យារពេល១ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺតាមផ្លូវដង្ហើមខាងលើ។

យោងតាមសារព័ត៌មាន Yonhap ដែលស្រង់សម្តីអគ្គលេខាធិការ KFA Chun Han-jin បានលើកឡើងថា ពួកគេបានសម្រេចនូវកិច្ចព្រមព្រៀងមួយជាមួយនឹងរដ្ឋាភិបាល ដែលក្រុមកីឡាករត្រូវបានលើកលែង ក្នុងការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅពេលត្រឡប់មកវិញ។ ផ្ទុយទៅវិញ ក្រុមនេះនឹងត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១សប្តាហ៍ នៅឯមជ្ឈមណ្ឌលបាល់ទាត់ជាតិ។

គួររំលឹកថា ក្រុមបាល់ទាត់នៃប្រទេសទាំងពីរ បានជួបគ្នាចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ East Asian Championships នាទីក្រុង Busan របស់កូរ៉េខាងត្បូងក្នុងខែធ្នូ ឆ្នាំ២០១៩ ដោយកូរ៉េខាងត្បូង ទទួលបានលទ្ធផលឈ្នះ ១-០៕