(បរទេស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Chapek បានប្រកាសថា សេវាកម្ម Streaming របស់ខ្លួនមានកំណើនជោគជ័យខ្លាំង ខណៈបច្ចុប្បន្នទទួលបានចំនួនអ្នកប្រើប្រាស់រហូតដល់១០០លាននាក់ទៅហើយ ក្នុងរយៈពេលត្រឹមតែ១៦ខែប៉ុណ្ណោះ ហេីយនេះជាជោគជ័យមួយមិនធ្លាប់មាន ក្រោមវិបត្តិកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ថ្លែងក្នុងជំនួបមួយតាមប្រព័ន្ធអនឡាញជាមួយម្ចាស់ភាគហ៊ុន, លោក Bob Chapek បានលើកឡើងថា «ជាជោគជ័យដ៏ធំសម្បើមរបស់ Disney+… វាបានជម្រុញឲ្យយើងកាន់តែមានមហិច្ឆិតាបន្ថែមទៀត និងដើម្បីបង្កើតការវិនិយោគរបស់យើង ក្នុងការអភិវឌ្ឍន៍មាតិកាឲ្យកាន់តែទូលំទូលាយ»

Disney+ គឺជាសេវាទស្សនាភាពយន្តតាមអនឡាញរបស់ក្រុមហ៊ុន Disney ដែលប្រមូលផ្តុំដោយរឿងហូលីវូដល្បីៗជាច្រើន ហើយពេលនេះ Disney+ ហាក់លេចធ្លោរខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងចំណោមសេវាកម្ម Streaming ល្បីៗផ្សេងទៀត មានដូចជា Netflix និង Amazon Prime ជាដើម។

ការកើនឡើងចំនួនអ្នកប្រើប្រាស់សេវាកម្ម Streaming ដែលមានឈ្មោះផ្លូវការថា Disney+ របស់ក្រុមហ៊ុន Disney បានក្លាយជាផ្នែកដ៏សំខាន់នៃអាជីវកម្មរបស់ក្រុមហ៊ុននេះយ៉ាងឆាប់រហ័សបំផុត ស្របពេលដែលវិបត្តិជំងឺ COVID-19 បានបង្កផលប៉ះពាល់ជាខ្លាំងដល់ Disney ពោលត្រូវបបង្ខំឲ្យ Disney បិទសួនកម្សាន្តនិងរមណីយដ្ឋានជាច្រើនកន្លែងអស់រាប់ខែ ដែលជាហេតុបណ្តាលឲ្យមានការបញ្ឈប់ការងារបុគ្គលិកទ្រង់ទ្រាយធំ។ ក៏ប៉ុន្តែកំឡុងពេលវេលាលំបាកនេះ សេវាកម្ម Disney+ បានជួយស្រោចស្រង់មុខមាត់របស់ក្រុមហ៊ុន Disney គួរឲ្យកត់សម្គាល់។

យើងដឹងហើយថា ដោយសារតែវិបត្តិជំងឺរាតត្បាតជាសកល កូវីដ-១៩ បានធ្វើឲ្យការចាក់បញ្ជាំងខ្សែភាពយន្តតាមរោងកុន ត្រូវបានផ្អាក ខណៈទស្សនិកជនភាគច្រើនបានបង្វែរទៅប្រើសេវាកម្មទស្សនាភាពយន្តតាមប្រព័ន្ធអនឡាញវិញ។ ប្រការនេះបានធ្វើឲ្យសេវាកម្មរបស់ Disney+ មានតម្រូវការច្រើនផងដែរ។

គួរជម្រាបថា សេវាកម្ម Streaming Disney+ ដែលបង្កើតរហូតមកទល់នឹងពេលនេះ ត្រឹមតែ១៦ខែ ឥឡូវមានអ្នកប្រើប្រាស់ច្រើនជាង ១០០លាននាក់បាត់ទៅហើយ ខណៈកាលពីឆ្នាំមុន Disney បានប្រាប់ក្រុមវិនិយោគខ្លួនយ៉ាងជឿជាក់ថា បើតាមការព្យាករណ៍ សេវា Disney+ អាចនឹងទទួលបាន អ្នកប្រើប្រាស់នៅជុំវិញពិភពលោកចន្លោះ៦០-៩០លាននាក់ នៅឆ្នាំ២០២៤៕