(កូរ៉េ)៖ ផលិតកម្ម MNet របស់កូរ៉េខាងត្បូង បានប្រកាសថា ក្រុមចម្រៀងនារី IZ*ONE នឹងរំសាយក្រុមនៅខែមេសាខាងមុខ បន្ទាប់ពីចរចាគ្នាក្នុងការបន្តកិច្ចសន្យាមិនបានសម្រេច។ ប្រការនេះ នឹងធ្វើឲ្យសមាជិកម្នាក់វិលត្រឡប់ទៅតាមផលិតកម្មរៀងៗខ្លួនវិញ បន្ទាប់ពីរំសាយក្រុម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ផលិតកម្ម MNet បានចេញសេចក្តីថ្លែងការណ៍ថា Mnet និង Swing Entertainment / Off the Record បានស្តាប់ និងពិភាក្សាពីគំនិតរបស់ផលិតកម្មនីមួយៗ សម្រាប់សកម្មភាពដែលល្អបំផុតរបស់សមាជិកទាំង១២ នៅមុនពេលបញ្ចប់គម្រោងនេះ។ សកម្មភាពគម្រោងរបស់ IZ*ONE ដែលបានចាប់ផ្តើមជាមួយអាល់ប៉ុម COLOR*IZ នៅឆ្នាំ ២០១៨ និងបានរីកចម្រើនទៅជាក្រុមនារីតំណាងឲ្យអាស៊ីដោយក្ដីស្រឡាញ់ដ៏អស្ចារ្យ, មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកផងដែរ ដែលគម្រោងនឹងបញ្ចប់នៅខែមេសាតាមការគ្រោងទុក។ អនឡាញខនសឺត «ONE, THE STORY» នឹងត្រូវធ្វើឡើងរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី ១៣ និង១៤ ខែមិនា។ Mnet និង Swing Entertainment/Off The Record បានអរគុណសមាជិកទាំង ១២របស់ IZ*ONE សម្រាប់ការសម្តែងដ៏អស្ចារ្យរបស់ពួកគេ។

ផលិតកម្ម Mnet បានប្រកាសថា «ពួកយើងនឹងបន្តគាំទ្រ ដល់ការរីកចម្រើនរបស់ពួកគេក្នុងនាមជាអ្នកសិល្បៈ នៅក្នុងថ្ងៃអនាគត, ដូច្នេះអនុស្សាវរីយ៍ល្អៗដែលរបស់ពួកគេបង្កើតនឹងបន្តទៅមុខទៀត។ សូមអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំមើលពួកគេ ក្នុងការលេចមុខសារជាថ្មី និងគាំទ្រពួកគេ»

គួរជម្រាបថា ក្រុមចម្រៀងនារី IZ*ONE ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ជាមួយសមាជិកនារីចំនួន១២នាក់ ដែលមកពីសញ្ជាតិផ្សេងៗគ្នា ពោលគឺមានទាំងជនជាតិកូរ៉េផង និងជនជាតិជប៉ុនផង។ តាមរយៈសកម្មភាពក្នុងវិស័យតន្ត្រីក្រុមនេះ ទទួលបានពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ក្រុមនារីថ្មីឆ្នើមបំផុតពីកម្មវិធី «Mnet Asian Music Award» ជាដើម៕