(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានកាត់បន្ថយការផលិត iPhone ប្រមាណជា ២០ភាគរយ ដោយសារតែតម្រូវការ iPhone 12 mini មានចំនួនតិច ប៉ុន្តែ iPhone ម៉ូដែលចុងក្រោយមានតម្រូវការខ្ពស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយសារតែតម្រូវការ iPhone 12 mini តិច ទើប Apple បានសម្រេចកាត់បន្ថយការផលិត ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ មានគោលដៅលក់ iPhone ឲ្យបាន ២៣០លានគ្រឿង នៅក្នុងឆ្នាំ២០២១ នេះ ខណៈដែល iPhone 12 mini អាចនឹងឈប់លក់នៅលើទីផ្សារ។

មូលហេតុដែលនាំឲ្យ iPhone 12 mini មិនសូវមានតម្រូវការការ ត្រូវបាន Nikkei Asia បញ្ជាក់ថា គឺមកពីវាមានទំហំតូច និងការប្រើប្រាស់ថ្ម មានរយៈពេលខ្លី ដូច្នេះហើយអ្នកប្រើប្រាស់ភាគច្រើនសម្រេចចិត្ត ថែមលុយ ទិញយក iPhone 12 តែម្ដង។

គួរបញ្ជាក់ផងដែរថា iPhone 12 គឺជាអ្នកបង្កើតប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មាន សម្រាប់ក្រុមហ៊ុន Apple ព្រោះតែនៅត្រីមាសចុងឆ្នាំ២០២០ Apple រកចំណូលបានរហូតដល់ ១០០ពាន់លានដុល្លារ ៕