(អាមេរិក)៖ ក្រុមហ៊ុន Facebook បានសម្រេចផ្អាកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការតភ្ជាប់ខ្សែកាបបញ្ជូនទិន្នន័យ ក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិក ដែលអាចតភ្ជាប់ពីរដ្ឋ California សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងហុងកុង ដោយសារតែភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិន, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមខ្នាតយក្សនេះ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើន បានដាក់ពាក្យស្នើសុំការសាងសង់របស់ពួកគេ នៅក្នុងឆ្នាំ២០១៨ ដើម្បីតភ្ជាប់តំបន់ចំនួន២ នៅរដ្ឋ California ទៅកាន់ហុងកុង និងតៃវ៉ាន់។

គម្រោងនេះ ត្រូវបានគេសន្មត់ថា នឹងជួយសម្រួលដល់ការទំនាក់ទំនង តាមរយៈខ្សែកាបអុបទិក ដែលមានសមត្ថភាពបញ្ជូនទិន្នន័យបានច្រើន ជាមួយនឹងពេលវេលារង់ចាំទាបបំផុត។

ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានតស៊ូមតិ ដោយសារតែគេបានមើលឃើញ ពីហានិភ័យផ្នែកសន្តិសុខជាតិ ទាក់ទងនឹងប្រទេសចិន ដែលបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើទីក្រុងហុងកុង។

គួររំលឹកថា ខ្សែកាបបញ្ជូនទិន្នន័យ ដែលគេដាក់ឈ្មោះថា «Pacific Light Cable Network» នេះ ដំបូងឡើយ មានបំណងតភ្ជាប់សហរដ្ឋអាមេរិក, តៃវ៉ាន់, ហុងកុង និងប្រទេសហ្វីលីពីន៕