(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានក្រុមភ្ញៀវ AC Milan មកពីអ៉ីតាលីវាយបកតាមស្មើ ១-១ នៅនាទីចុងម៉ោង បញ្ចប់កំណត់ត្រាលេងមិនរបូតគ្រាប់បាល់សម្រាប់ ៥ប្រកួតចុងក្រោយនេះ។
កីឡាករ Kjaer បានហក់តែតបញ្ចូលទីយ៉ាងស្អាតនៅនាទី៩០+២ ក្រោយពីការលើកចេញពីជ្រុងរបស់មិត្តរួមក្រុម Krunic នៃការប្រកួតជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១។
ក្រុមរបស់លោក Ole Gunnar Solskjaer ត្រូវរង់ចាំរហូតដល់នាទី៥០ ទើបរកបានគ្រាប់នាំមុខពីការតែតបញ្ចូលទីរបស់ Amad Diallo ដែលត្រូវបានបញ្ជូនចេញពីជើងរបស់ Bruno Fernandes។
ក្រុមដែលបានអវត្តមានកីឡាករសំខាន់ៗដូចគ្នារួមមាន Zlatan Ibrahimovic របស់ AC Milan និង Edinson Cavani, Paul Pogba និង Marcus Rashford របស់ Man Utd ផងនោះ នឹងជួបប្រកួតជើងទី២ កាត់សេចក្តីនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដែលនឹងធ្វើឡើងនៅទឹកដី San Siro ប្រទេសអ៉ីតាលី៕