(អាមេរិក)៖ ក្រុមហ៊ុន Nokia និង Samsung បានប្រកាសឱ្យដឹងថា ពួកគេទាំងពីរបានចុះកិច្ចព្រមព្រៀងលើការប្រើប្រាស់ប៉ាតង់វីដេអូមួយក្នុងទម្រង់ស្ដង់ដារ និងស្របច្បាប់ ដោយក្នុងនោះ Samsung នឹងបង់ថ្លៃប្រើប្រាស់ប៉ាតង់ទៅឱ្យក្រុមហ៊ុន Nokia ទៅតាមអ្វីដែលខ្លួនបាន ប្រើ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា Nokia ត្រូវបានគេដឹងថា ជាក្រុមហ៊ុនមួយដែលកាន់កាប់ប៉ាតង់ទូរស័ព្ទដៃច្រើនជាងគេ ហើយក៏មានប៉ាតង់មួយចំនួនពាក់ព័ន្ធនឹងបច្ចេកវិទ្យា 5G ផងដែរ ដោយ កាលពី ២០ឆ្នាំមុន ក្រុមហ៊ុនហ្វាំងឡង់មួយនេះ បានចំណាយលុយ ១២៩ពាន់លានអឺរ៉ូ ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដ៏ធំមួយ ដើម្បបង្កើតនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ទូរស័ព្ទដៃ ដូច្នេះហើយទើប Nokia កាន់កាប់ប៉ាតង់បានច្រើនយ៉ាងនេះ។

Samsung និង Nokia ត្រូវបានគេដឹងថា ជាដៃគូសហការជាគ្នាយ៉ាងល្អ និងជិតស្និទ្ធបំផុត តាំងតែពីដើមមកម្ល៉េះ ហើយកាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការនូវកិច្ចព្រមព្រៀងប្រើប្រាស់ប៉ាតង់របស់ Nokia សម្រាប់ទូរស័ព្ទដៃ Samsung ក្នុងរយៈពេល៥ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់ពីទឹកប្រាក់នោះទេ ហើយបន្តមកឆ្នាំ ២០១៦ ក៏ Samsung បន្តអាជ្ញាបណ្ណពី Nokia ដោយបន្ថែមនូវប៉ាតង់ថ្មី ជាច្រើនទៀត និងចុងក្រោយនៅឆ្នាំ ២០១៨ ក្រុមហ៊ុនទាំងពីរក៏បានចុះកិច្ចព្រមព្រៀងបន្ត និងប្រើប្រាស់ប៉ាតង់ថ្មីថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ប៉ាតង់វីដេអូ ដែល Nokia និង Samsung ចុះកិច្ចព្រមព្រៀងនេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងថា ជាប៉ាតង់អ្វីឱ្យច្បាស់នោះទេ ហើយក៏មិនដឹងថា Samsung នឹងយកប៉ាតង់នោះទៅប្រើលើមុខងារអ្វីដែរ៕